(អាមេរិក)៖ ទីបំផុតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមទទួលលិខិតលាលែងពីតំណែងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) ពីសំណាក់លោកស្រី Nikki Haley ហើយ ដោយមន្ត្រីជំនិតលោក ត្រាំ រូបនេះនឹងលាលែងជាផ្លូវការតែម្តង នៅចុងឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយ Washington Post នៅមុននេះបន្តិចនាយប់ថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។
លោកស្រី Haley គឺជាមន្ត្រីដែលបានបម្រើលោក ដូណាល់ ត្រាំ តាំងតែពីលោកស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះ ហើយស្នាដៃដែលគួរឲ្យកត់សម្គាល់របស់លោកស្រី គឺការព្យាយាមការពារនយោបាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅលើឆាកអន្តរជាតិ ជាពិសេសគឺការទាញសហរដ្ឋអាមេរិកឲ្យចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដែលកាលណោះលោកស្រីបានហៅស្ថាប័នេះថា ជាបរាជ័យដ៏អាក្រក់មួយរបស់ UN។
គួរបញ្ជាក់ថា មូលហេតុពិតប្រាកដនៃការលាលែងរបស់លោកស្រី Haley គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕