(ម៉ូស្គូ)៖ ទីភ្នាក់ងារចារកម្មនានារបស់ចក្រភពអង់គ្លេស បានប្រាប់នាយករដ្ឋមន្ត្រីរបស់ពួកគេ គឺលោកស្រី Theresa May ថាប្រទេសរុស្ស៊ីចង់ធ្វើឲ្យប្រទេសលីប៊ី ក្លាយទៅជាប្រទេសស៊ីរីថ្មីមួយទៀត ដើម្បីអាចគ្រប់គ្រងចរន្តនៃជនភៀសខ្លួន នៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះបាន រួចធ្វើឲ្យតំបន់អឺរ៉ុបក្លាយជាកន្លែងទទួលជនភៀសខ្លួន យ៉ាងកកកុញតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីកាសែត The Sun នាយប់ថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។
កាសែតខាងលើនេះបានបន្តទៀតថា មិនត្រឹមតែចង់បំពុលសហភាពអឺរ៉ុបប៉ុណ្ណោះទេ រុស្ស៊ីថែមទាំងចង់បង្កើនឥទ្ធិពលរបស់ខ្លួន ទៅលើលោកខាងលិចថែមទៀត ដោយក្រុមចារកម្មរបស់អង់គ្លេសចង់សំដៅទៅលើជំហររបស់រុស្ស៊ី ដែលបាននិងកំពុងតែគាំទ្រដល់រដ្ឋាភិបាល Haftar ដែលកំពុងគ្រប់គ្រងទឹកដីលីប៊ីបច្ចុប្បន្ន ទាំងផ្នែកនយោបាយ និងសព្វាវុធទំនើបៗបំផុត។
ជាងនេះទៀត ក្រុមការងារចារកម្មនៃយោធារុស្ស៊ី និងកងកម្លាំងពិសេសរបស់ពួកគេ ក៏កំពុងតែរៀបចំក្បួនក្នុងការដាក់ពង្រាយមូលដ្ឋាន នៅទឹកដីភាគខាងកើតលីប៊ីផងដែរ ដើម្បីបង្វឹកកម្លាំង និងដើរតួនាទីកាន់តែសំខាន់ក្នុងតំបន់នោះ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺមូលដ្ឋានយោធារុស្ស៊ីចំនួនពីរត្រូវបានបង្កើតឡើងរួចទៅហើយ នៅក្នុងទីក្រុង Tobruk និង Benghazi ជាតំបន់ជាប់ឆ្នេរសមុទ្រមេឌីទែរ៉ាណេតែម្តង។
បន្ថែមពីលើមូលដ្ឋានយោធាដែលមានស្រាប់ទៅហើយ ក្រុមស៊ើបការណ៍សម្ងាត់អង់គ្លេសដ៏ជាក់ដែរថា រុស្ស៊ីបានលួចដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 និងប្រព័ន្ធមីស៊ីលប្រឆាំងនាវាចម្បាំង ដែលសុទ្ធសេងជាសព្វាវុធទំនើបៗ ដូចខ្លួនបានបំពាក់នៅក្នុងប្រទេសស៊ីរីផងដែរ។ ដូច្នេះវាមានន័យថា ប្រទេសរុស្ស៊ីពិតជាកំពុងធ្វើឲ្យលីប៊ីក្លាយស៊ីរីថ្មីមួយទៀតយ៉ាងពិតប្រាកដ។
គួរបញ្ជាក់ថា រុស្ស៊ីមិនទាន់បញ្ចេញប្រតិកម្មណាមួយ ឆ្លើយតបទៅនឹងការបែកធ្លាយព័ត៌មាន ពីអត្ថន័យដែលមន្ត្រីចារកម្មអង់គ្លេស បានប្រាប់ទៅនាយករដ្ឋមន្ត្រីរបស់ពួកគេនោះឡើយ ប៉ុន្តែបើគេអង្កេតទៅមើលព័ត៌មាននានា ដែលបានចេញផ្សាយមួយរយៈចុងក្រោយនេះ លោក ពូទីន បានបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលលីប៊ី ដែលគ្រប់គ្រងនៅទីក្រុង Benghazi ផ្ទុយពីរដ្ឋាភិបាលទីក្រុង Tripoli ដែលគាំទ្រដោយ UN៕