(កៀវ)៖ ឃ្លាំងផ្ទុកគ្រាប់ និងអាវុធរបស់យោធាអ៊ុយក្រែនដែលស្ថិតនៅទីក្រុង Chernihiv ចម្ងាយ ១៧៦គីឡូម៉ែត្រនៃភាគខាងកើតរដ្ឋធានីកៀវ បានបង្ខំឲ្យប្រជាជនដែលរស់នៅក្បែរខាងនោះសរុបជាង ១០,០០០នាក់ ជម្លៀសចេញទៅកាន់តំបន់សុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។
ហេតុការណ៍ផ្ទុះ និងឆាបឆេះខាងលើនេះ បានកើតមានឡើងវេលាព្រឹកថ្ងៃអង្គារនេះតែម្តង (ម៉ោងនៅទីក្រុងកៀវ) ខណៈមូលហេតុនៃការផ្ទុះឆេះនេះ គឺមិនទាន់ត្រូវបានបញ្ជាក់ពីអាជ្ញាធរអ៊ុយក្រែននោះឡើយ ហើយទីក្រុងដែលកើតហេតុការណ៍ផ្ទុះឃ្លាំងស្តុបគ្រាប់ និងអាវុធនេះ គឺមានទីតាំងនៅជាប់ព្រំដែនជាមួយប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា ដែនអាកាសតំបន់ព័ទ្ធជុំវិញឃ្លាំងគ្រាប់ដែលបានផ្ទុះ ក្នុងកាំរង្វង់ ២០គីឡូម៉ែត្រ គឺត្រូវបិទជាបណ្តោះអាសន្ន ហើយមនុស្សម្នាបាននិងកំពុងចេញពីតំបន់នោះជាបន្តបន្ទាប់ រហូតដល់ចំនួនកំណត់ជាង ១០,០០០នាក់។ គិតមកទល់នឹងពេលនេះ គឺមិនទាន់មានការបញ្ជាក់ព័ត៌មានណាមួយថា មានមនុស្សស្លាប់ ឬក៏រងរបួសនៅក្នុងការផ្ទុះនោះឡើយ ខណៈក្រុមជំនាញយោធាអ៊ុយក្រែន កំពុងតែត្រួតពិនិត្យកន្លែងកើតហេតុនៅឡើយ៕