(អឺរ៉ុប)៖ ដើម្បីយល់កាន់តែច្បាស់ពីនីតិវិធីដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) គេឃើញមានការចុះផ្សាយផ្សេងៗគ្នាជុំវិញនីតិវិធីនេះ រហូតធ្វើឲ្យតំណាងសហភាពអឺរ៉ុបប្រចាំនៅក្នុងប្រទេសកម្ពុជា បានចេញមកធ្វើការបំភ្លឺថា ប្រព័ន្ធអនុគ្រោះពន្ធមិនទាន់ត្រូវបានដកចេញពីកម្ពុជានៅឡើយទេ ដោយដំណើរការនីតិវិធីនៃការដកនេះ មិនងាយនោះទេ គឺត្រូវចំណាយពេលរហូតដល់ទៅ១២ខែឯណោះ។ ខាងក្រោមនេះជានីតិវិធីដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ ដែលដកស្រង់ចេញពីវិទ្យុបារាំងអន្តរជាតិ RFI៖
តើការដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមាននីតិវិធីយ៉ាងដូចម្តេចខ្លះ?
ការដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ខុសពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលមានដំណើរការនីតិវិធីដ៏ស្មុគស្មាញ ដោយត្រូវឆ្លងកាត់សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបផង សភាអឺរ៉ុបផង និងជាពិសេស គឺត្រូវឆ្លងកាត់ការអនុម័តដោយសំឡេងឯកច្ឆន្ទក្នុងក្រុមប្រឹក្សាអឺរ៉ុប ដែលមានតំណាងមកពីប្រទេសសមាជិកទាំង ២៨ប្រទេស (ក្រោយ Brexit នៅសល់ ២៧ប្រទេស)។
ការដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធវិញ ត្រូវឆ្លងកាត់តែសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបមួយតែប៉ុណ្ណោះ ដោយសារតែតាមរយៈច្បាប់ស្តីពីប្រព័ន្ធអនុគ្រោះពន្ធ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ សភា និងក្រុមប្រឹក្សាអឺរ៉ុប បានប្រគល់អំណាចដល់គណៈកម្មការ ក្នុងការចេញសេចក្តីសម្រេច (Règlement délégué/Delegated Regulation) ទាក់ទងនឹងការផ្តល់ ដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។
យោងតាមច្បាប់ឆ្នាំ២០១២នេះ ការដកប្រព័ន្ធអនុគ្រោះពន្ធអាចត្រូវធ្វើឡើងចំពោះប្រទេសណា ដែលមានការរីកចម្រើនទៅមុខ ហើយលែងស្ថិតក្នុងចំណោមប្រទេសក្រីក្រ (ឬប្រទេសមានការអភិវឌ្ឍតិចតួច)។ រីឯប្រទេសណាដែលនៅតែជាប្រទេសក្រីក្រ ក៏ប៉ុន្តែមិនបានគោរពទៅតាមលក្ខខណ្ឌ រួមមានដូចជា ការគោរពសិទ្ធិកម្មករ ប្រជាធិបតេយ្យ ឬគោលការណ៍ជាមូលដ្ឋានផ្សេងទៀត ដែលមានចែងក្នុងអនុសញ្ញាអន្តរជាតិ ប្រព័ន្ធអនុគ្រោះពន្ធអាចនឹងត្រូវព្យួរជាបណ្តោះអាសន្ន (Temporary withdrawal)។
ដើម្បីចាប់ផ្តើមជាផ្លូវការនូវដំណើរការនីតិវិធីក្នុងការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ គណៈកម្មការអឺរ៉ុបត្រូវចេញសេចក្តីសម្រេចមួយ រួចហើយត្រូវជូនដំណឹងអំពីការចាប់ផ្តើមនីតិវិធីនេះ ទៅកាន់សភា និងក្រុមប្រឹក្សាអឺរ៉ុប ព្រមទាំងទៅកាន់ប្រទេសដែលគេចង់ព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។ ដំណើរការនីតិវិធីនេះត្រូវចំណាយពេលសរុប១២ខែ ដោយត្រូវចែកចេញជាពីរដំណាក់កាល។
ដំណាក់កាលទី១ គឺនៅក្នុងរយៈពេល ៦ខែ រាប់ចាប់តាំងពីថ្ងៃដែលសេចក្តីសម្រេចចាប់ផ្តើមនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធត្រូវបានចុះផ្សាយនៅក្នុងរដ្ឋកិច្ចអឺរ៉ុប (Official Journal of the European Union) គណៈកម្មការអឺរ៉ុបត្រូវធ្វើការតាមដានពិនិត្យ ប្រមែប្រមូលនូវរាល់ព័ត៌មានចាំបាច់ ក្នុងការចេញសេចក្តីសម្រេចថាតើត្រូវព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។ នៅក្នុងអំឡុងពេលនេះ គណៈកម្មការអឺរ៉ុបមានកាតព្វកិច្ចត្រូវតែបើកទ្វាចំហក្នុងការជជែកជាមួយនឹងប្រទេសដែលជាកម្មវត្ថុនៃនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ។
ដំណាក់កាលទី២ ដែលមានរយៈពេល ៦ខែដែរ គឺជាដំណាក់កាលនៃការចេញរបាយការណ៍ និងសេចក្តីសន្និដ្ឋាន ដើម្បីឈានទៅចេញសេចក្តីសម្រេចចុងក្រោយ។ នៅក្នុងដំណាក់កាលនេះគណៈកម្មការអឺរ៉ុបត្រូវរៀបចំធ្វើរបាយការណ៍មួយ អំពីអ្វីដែលខ្លួនបានរកឃើញ នៅក្នុងរយៈពេល ៦ខែមុន។ របាយការណ៍នេះត្រូវបញ្ជូនទៅឲ្យប្រទេសដែលជាកម្មវត្ថុនៃនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ នៅក្នុងរយៈពេលយ៉ាងយូរ ៣ខែ រាប់ចាប់តាំងពីថ្ងៃផុតកំណត់នៃដំណាក់កាលទី១ ដើម្បីឲ្យប្រទេសនេះអាចធ្វើការសិក្សាលើរបាយការណ៍ ហើយមានសិទ្ធិឆ្លើយតបទៅកាន់គណៈកម្មការអឺរ៉ុបវិញ ដោយការឆ្លើយតបនេះត្រូវធ្វើឡើង នៅក្នុងរយៈពេលយ៉ាងយូរ ១ខែ។
បន្ទាប់មកគណៈកម្មការអឺរ៉ុបត្រូវចេញសេចក្តីសម្រេចព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ ហើយសេចក្តីសម្រេចនេះត្រូវធ្វើឡើងដោយសំឡេងភាគច្រើន ក្នុងចំណោមសមាជិកទាំង២៧ នៃគណៈកម្មការអឺរ៉ុប។
ប្រសិនបើគណៈកម្មការសម្រេចមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធទេនោះ នីតិវិធីត្រូវបិទបញ្ចប់ត្រឹមនេះ។ ប្រសិនបើគណៈកម្មការសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ សេចក្តីសម្រេចនេះក៏នៅមិនទាន់អាចចូលជាធរមានបានភ្លាមៗនោះដែរ ពីព្រោះថា យោងតាមមាត្រា ២៩០ នៃសន្ធិសញ្ញាសហភាពអឺរ៉ុប (សន្ធិសញ្ញាក្រុងលីសបោន) សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលធ្វើឡើងតាមនីតិវិធីប្រតិភូកម្មអំណាច (Règlement délégué/Delegated regulation) អាចចូលជាធរមានបាន លុះត្រាតែគ្មានការជំទាស់ពីសំណាក់សភា ឬក្រុមប្រឹក្សាអឺរ៉ុប។
ដើម្បីអាចជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មការបាន សភាត្រូវការនូវសំឡេងភាគច្រើនដាច់ខាត ចំណែកក្រុមប្រឹក្សាអឺរ៉ុបវិញត្រូវការសំឡេងភាគច្រើន ដែលគោរពទៅតាមលក្ខខណ្ឌចំនួនពីរ គឺ ៥៥% នៃប្រទេសជាសមាជិកគាំទ្រ ហើយប្រទេសដែលគាំទ្រនេះត្រូវមានចំនួនប្រជាជនបូកបញ្ចូលគ្នាស្មើនឹង ៦៥% នៃចំនួនប្រជាជនសរុបរបស់សហភាពអឺរ៉ុបទាំងមូល។
យោងតាមនីតិវិធី ដែលមានចែងនៅក្នុងច្បាប់ស្តីពីការបង្កើតប្រព័ន្ធអនុគ្រោះពន្ធ ប្រសិនបើ សភាអឺរ៉ុប ឬក្រុមប្រឹក្សាអឺរ៉ុបសម្រេចមិនជំទាស់ ឬមិនអាចរកសំឡេងភាគច្រើន ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបបានទេ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធនឹងត្រូវចូលជាធរមាន៦ខែ រាប់ចាប់ពីថ្ងៃដែលគណៈកម្មការអឺរ៉ុបអនុម័តសេចក្តីសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ៕