(ម៉ូស្គូ)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញសម្តេច ប៉ុប ហ្វ្រង់ស៊ី (Pope Francis) នៃសាសនាគ្រិស្តមកបំពេញទស្សនកិច្ចជាផ្លូវការ នៅទីក្រុងព្យុងយ៉ាងជាលើកដំបូងបំផុត ហើយលិខិតអញ្ជើញនេះបានផ្ញើទុកនៅប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដើម្បីលោកអាចជូនដោយផ្ទាល់ដៃទៅដល់សម្តេច Pope។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។
ជុំវិញព័ត៌មានខាងលើនេះ អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងជើង គឺលោក Kim Eui-kyeom បានបញ្ជាក់ថា «លោកប្រធាន គីម បាននិយាយថា លោកនឹងរៀបចំកិច្ចទទួលស្វាគមន៍សម្តេច Pope យ៉ាងកក់ក្តៅបំផុត ប្រសិនបើសម្តេចធ្វើដំណើរមកបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង»។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា លោក មូន ជែអ៊ីន នឹងទៅបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ ជាទីដែលសម្តេច Pope គង់នៅ ដើម្បីជួបពិភាក្សាគ្នា ហើយក្នុងឱកាសនោះ លិខិតយាង និងអញ្ជើញរបស់លោក គីម នឹងត្រូវប្រគល់ជូនសម្តេចដោយផ្ទាល់។
គួរបញ្ជាក់ថា សេចក្តីប្រកាសអំពីការអញ្ជើញសម្តេច Pope Francis នៃសាសនាគ្រិស្ត បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំកូរ៉េខាងជើង និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅទីក្រុងព្យុងយ៉ាងបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា ហើយជំនួបកំពូល ត្រាំ-គីម ជាលើកទី ២ ក៏នឹងកើតមានក្នុងពេលឆាប់ៗផងដែរ ដោយសារតែកូរ៉េខាងជើងបានសន្យាធ្វើការបើកចំហជាងមុន និងប្តេជ្ញាជានិច្ចចំពោះកិច្ចសន្យាលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ៕