(បាងកក)៖ យន្តហោះខ្នាតធំមួយគ្រឿង នៃអាកាសចរណ៍ថៃប្រភេទ Boeing 747-400 ដឹកមនុស្សសរុប ១១៦នាក់ (សហសេវិក ១៨នាក់) បានរអិលចេញពីផ្លូវចុះចតនៅក្នុងព្រលានយន្តហោះសុវណ្ណភូមិជាយទីក្រុងបាងកក កាលពីយប់ថ្ងៃចន្ទ តែសំណាងល្អហេតុការណ៍នេះពុំបានបណ្តាលឲ្យមនុស្សណាម្នាក់លើយន្តហោះនេះ ទទួលរងគ្រោះថ្នាក់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នារសៀលថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។
លោក Pratthana Pattanasirim ដែលជានាយកគ្រប់គ្រងផ្នែកស្តង់ដាសុវត្ថិភាពហោះហើរ និងសន្តិសុខថៃបានឲ្យដឹងថា TG 679 បានរអិលចេញផ្លូវព្រលាន ក៏ព្រោះពេលវាព្យាយាមចុះចតកាលពីវេលាម៉ោង ១០៖៤៨នាទីយប់នោះ អាកាសធាតុកំពុងតែមិនអំណោយផល ដោយមានភ្លៀង និងខ្យល់បោកបក់ខ្លាំង។ យន្តហោះនេះបានចាកចេញពីខេត្ត ក្វាងចូវ ប្រទេសចិនកាលពីវេលាម៉ោង ៨៖៥៨នាទីយប់។
គួរបញ្ជាក់ថា ក្រៅពីការភិតភ័យនោះ អ្នកដំណើរទាំងអស់ ៩៧នាក់ មិនមានគ្រោះថ្នាក់អ្វីនោះឡើយ ដោយពួកគេបានចូលមកក្នុងអគារព្រមានជាធម្មតា និងរង់ចាំការដឹកជញ្ជូនសម្ភារៈរបស់ពួកគេចេញពីយន្តហោះ។ ដោយឡែកកត្តាបង្កគ្រោះថ្នាក់នេះឡើង គឺស្ថិតនៅក្នុងការស៊ើបអង្កេត ដោយភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ថៃ៕