(បាងកក)៖ កងកម្លាំងប៉ូលិសនៃទីក្រុងបាងកក មកទល់នឹងថ្ងៃអង្គារនេះ នៅតែកំពុងតាមប្រមាញ់ក្រុមខ្មាន់កាំភ្លើង ដែលសុទ្ធសឹងជាយុវវ័យ និងទើបត្រូវបានប៉ូលិសបង្ហើបថា ពួកគេបានប្រើប្រាស់កាំភ្លើងដើមប្រភេទ Ak-47 បាញ់រះនៅតំបន់ទេសចរណ៍ដ៏កកកុញ Pratunam កាលពីយប់ថ្ងៃអាទិត្យ បណ្តាលឲ្យអ្នកទេសចរជនជាតិឥណ្ឌាម្នាក់ស្លាប់ និងមនុស្ស ០៤នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នារសៀលថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។
ហេតុការណ៍ដែលនាំឲ្យកក្រើករាជធានីបាងកកជាថ្មីនេះ បានកើតឡើងកាលពីវេលាយប់ថ្ងៃអាទិត្យសប្តាហ៍មុន ជាពេលដែលជនជាតិថៃ និងបរទេសច្រើនកុះករចេញមកដើរកម្សាន្តនៅតំបន់ Pratunam ដែលជាទីប្រជុំដ៏ពេញនិយមបំផុតមួយក្នុងទីក្រុងនេះ។ បើតាមការបញ្ជាក់ពីមន្ត្រីប៉ូលិសនោះ ក្រុមខ្មាន់កាំភ្លើងជាយុវវ័យថៃខាងលើនេះ បានឈ្លោះប្រកែកគ្នា រួចឈានដល់ការបាញ់ប្រហារដាក់គ្នានៅវេលាម៉ោង ៨៖៣០នាទីយប់ នៅចំណតរថយន្តក្បែរ Watergate Pavilion នោះតែម្តង។
គួរបញ្ជាក់ថា ការប្រឹងប្រែងប្រមាញ់ជនសង្ស័យពីសំណាក់ប៉ូលិសថៃខាងលើនេះ គឺកំពុងធ្វើឡើងអមដោយក្តីព្រួយបារម្ភថា ហេតុការណ៍នេះនឹងបង្កផលប៉ះពាល់ជាថ្មីទៀត ដល់វិស័យទេសចរណ៍របស់ប្រទេសថៃ បន្ទាប់ពីកើតមានហេតុការណ៍លិចទូកទេសចរណ៍ពីរគ្រឿងនៅកោះ ភូកេត កាលពីប៉ុន្មានខែមុននេះ ដែលបានសម្លាប់ភ្ញៀវទេសចរចិនជាង ៤០នាក់ ព្រមទាំងការបំផ្ទុះគ្រាប់បែកនៅទីសក្ការៈអេរ៉ាវ៉ាន់ ក្នុងទីក្រុងបាងកក កាលពីប៉ុន្មានឆ្នាំមុននោះថែមទៀត៕