(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានសម្រេចចិត្តថយចេញឆ្ងាយពីតំបន់កោះ Kuril ដែលគ្រប់គ្នាដឹងថា ជាដែនដីស្ថិតនៅក្នុងជម្លោះនៅឡើយរវាងទីក្រុង ម៉ូស្គូ និងតូក្យូ ហើយសមយុទ្ធយោធា Vostok-2018 (ឬ East-2018) មិនត្រូវបានប្រើដែនដី ឬដែនទឹកនៃកោះ Kuril នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។
ការបញ្ជាក់ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានជួបពិភាក្សាជាមួយឧត្តមសេនីយ Katsutoshi Kawano ជាអគ្គមេបញ្ជាការនៃកងកម្លាំងស្វ័យការពារជប៉ុន (SDF) ដែលបានមកបំពេញទស្សនកិច្ចក្នុងទីក្រុងម៉ូស្គូ។ រុស្ស៊ីបានអះអាងថា ដោយសារកាលណោះខ្លួនបានមើលឃើញ ពីក្តីព្រួយបារម្ភរបស់ជប៉ុននោះ ទើបយោធារុស្ស៊ីបានសម្រេច មិនធ្វើសមយុទ្ធនៅតំបន់កោះ Kuril តាមការគ្រោងទុកនោះឡើយ។
ជាការឆ្លើយតបចំពោះការផ្លាស់ប្តូរជំហររបស់រុស្ស៊ី ឧត្តមសេនីយជប៉ុនលោក Kawano បានបង្ហាញក្តីរីករាយ និងបញ្ជាក់ថា «យើងពិតជាស្វាគមន៍ចំពោះការសម្រេចចិត្តដូច្នេះ»។ សមយុទ្ធយោធារុស្ស៊ីបានប្រព្រឹត្តទៅកាលពីថ្ងៃទី១១-១៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលកាលណោះក្នុងកម្មវិធីគ្រោងទុកបានបញ្ជាក់ថា នឹងមានការធ្វើសមយុទ្ធនៅប្រជុំកោះ Kuril ប៉ុន្តែពេលដល់កាលកំណត់នោះ រុស្ស៊ីមិនបានធ្វើនោះទេ គឺបានប្តូរទៅទីតាំងផ្សេងពីនោះវិញ។
គួរបញ្ជាក់ថា Vostok-2018 គឺជាសមយុទ្ធយោធាដ៏ធំសម្បើមប្រចាំឆ្នាំ ដែលមានការចូលរួមពីកងកម្លាំងយោធារហូតដល់ ៣០០,០០០នាក់, រថពាសដែក ៣៦,០០០គ្រឿង និងយន្តហោះចម្បាំងជាង ១,០០០គ្រឿង មកពីកងកម្លាំងយុទ្ធសាស្ត្រភាគខាងកើត និងខាងជើងនៃប្រទេសរុស្ស៊ី៕