(ប៉េកាំង)៖ ផ្កាយរណប​ចំនួនពីរគ្រឿង ដែលមានតួនាទីអង្កេត និងបញ្ជូនទិន្នន័យ​មកកាន់​ភព​ផែនដីនោះ ត្រូវបានបាញ់បង្ហោះដោយ​ជោគជ័យហើយ ទៅកាន់គន្លងតារាវិថីពីលើភព​ផែនដីរបស់យើង ដោយក្រុមការងារបាញ់បង្ហោះផ្កាយរណបនៃប្រទេសចិន។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។

ផ្កាយរណបទាំងពីរ​គ្រឿងខាងលើនេះ ត្រូវបានបាញ់បង្ហោះ​ចេញពីមូលដ្ឋាន​បាញ់បង្ហោះ Jiuquan នៃខេត្តភាគពាយ័ព្យ​របស់ប្រទេសចិន កាលពី​វេលាម៉ោង ១០៖៤៣នាទីព្រឹក ដោយពួកវាគឺ​ស្ថិតនៅក្នុងចង្កោម​ផ្កាយរណប Yaigan-32 ដែលត្រូវបានដឹកនាំ​ដោយរ៉ុក្កែត Long March-2C ផលិតឡើង​ដោយចិនផ្ទាល់ ទៅកាន់ទីអវកាស។

គួរបញ្ជាក់ថា ប្រទេសចិន​ជារៀងរាល់ឆ្នាំតែងតែ​ធ្វើការបាញ់បង្ហោះ ផ្កាយរណបជាច្រើន​គ្រឿង ទាំងសម្រាប់បម្រើ​ឲ្យវិស័យរដ្ឋបាល និងសម្រាប់​ក្រុមហ៊ុនឯកជន ព្រមទាំង​បរទេសផងដែរ។ ផ្កាយរណបទាំងនោះ​មានតួនាទីផ្សេងៗ​ពីគ្នា ដោយខ្លះត្រូវប្រើប្រាស់​សម្រាប់អង្កេត​បរិយាកាស បរិស្ថាន និងបម្រែបម្រួល​ធម្មជាតិ ហើយមួយចំនួនទៀតបម្រើវិស័យ​ទូរគមនាគមន៍ ព្រមទាំង​វិស័យស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយចំនួនទៀត៕