(អាមេរិក)៖ នៅទីបំផុតជនជាតិ​អាមេរិកពីររូប គឺលោក William Nordhaus និងលោក Paul Romer បានឈ្នះពានរង្វាន់​ណូប៊ែលសេដ្ឋកិច្ចរួមគ្នា​តែម្តង ដោយទើបតែបាន​ប្រកាសចេញ​នៅក្នុងការបិទបញ្ចប់​ការប្រគល់ពានណូប៊ែលប្រចាំឆ្នាំ២០១៨ ដើម្បីត្រៀមបន្ត​ទៅ​ការប្រគល់​ពានរង្វាន់ណូប៊ែល​នានា នៅឆ្នាំបន្ទាប់ទៀត។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ The Guardian នាយប់​ថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នាំ២០១៨។

សេដ្ឋវិទូទាំងពីររូបខាងលើនេះ ស្ថិតនៅលេខរៀង​ជួរមុខ​នៅក្នុងការបំពេញ​ការងារ​ពាក់ព័ន្ធនឹងបញ្ហា​បម្រែបម្រួល​​អាកាសធាតុ ជាពិសេសគឺតួនាទី​​របស់រដ្ឋាភិបាលនានានៅលើ​ពិភពលោកដែល​ជម្រុញការអភិវឌ្ឍ ទើបបង្កើតចេញ​ទៅជាពានរង្វាន់ណូប៊ែល​សេដ្ឋកិច្ចនេះ។ លោក William Nordhaus និងលោក Paul Romer បានទទួលកិត្តិយស​ដូចខាងលើនេះ ដោយសារតែការស្រាវជ្រាវ​របស់សេដ្ឋវិទូទាំងពីរ ទៅលើមូលដ្ឋាន​គ្រឹះសំខាន់ៗ របស់បញ្ហាសេដ្ឋកិច្ច​ក្នុងយុគសម័យ​​នេះ។

បន្ថែមពីខាង​លើនេះទៀត ការព្រមានអំពីបញ្ហាបម្រែបម្រួល​អាកាសធាតុ ដោយផ្សារភ្ជាប់នឹង​ការអភិវឌ្ឍសេដ្ឋកិច្ច មានន័យថា បើសិនជាការអភិវឌ្ឍសេដ្ឋកិច្ច​ពិភពលោក​ប្រព្រឹត្តទៅ​ដោយមានលក្ខណៈគិតគូរពីបរិស្ថានព្រមគ្នានោះ វានឹងមិនបង្កឲ្យ​​មានការឡើងកម្តៅ​សកល​នោះឡើយ។ ដូច្នេះម្ចាស់ពាន់រង្វាន់​ណូប៊ែលសេដ្ឋកិច្ច គឺជាអ្នកត្រួសត្រាយផ្លូវ​សម្រាប់ការអភិវឌ្ឍដោយ​គិតគូរលើបរិស្ថាន។

គួរបញ្ជាក់ថា​ តាមធនាគារកណ្តាល Riksbank របស់ប្រទេសស្វីស ដែលជាអ្នក​ចាត់ចែងពានរង្វាន់​ខាងលើនេះ​បានបញ្ជាក់ថា បុរសទាំងពីររូប​បានឈ្នះ​ពានរង្វាន់នេះ ដែលពិតណាស់​​វាមិនមែន​ជាពាន​ ដែលត្រូវបានបង្កើតឡើង​ដោយផ្ទាល់ ចេញពីលោក Alfred Nobel នោះឡើយ ប៉ុន្តែព្រោះ​តែលោក​ទាំងពីរ​បានរៀបចំវិធីសាស្រ្ត ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ និងបន្ទាន់មួយចំនួន​ស្តីអំពីរបៀប ដែលយើង​បង្កើត​ឱ្យមានកំណើន​​សេដ្ឋកិច្ច​យូរអង្វែង ប្រកប​ដោយ​និរន្តរភាព និងមាននិរន្តរភាព នោះទើបពាន​នេះត្រូវបានបង្កើត​ឡើង និងជូន​ដល់លោក​​ទាំងពីររួម​គ្នាតែម្តង៕