(ស្តុកហូម)៖ អាជ្ញាធរតួកគីបាន និងកំពុងធ្វើការស៊ើបអង្កេតមនុស្សសរុប ៦១២,៣៤៧នាក់ នៅទូទាំងប្រទេសតែម្តង ដោយពួកគេត្រូវបានដាក់ការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអង្គការភេរវកម្មប្រដាប់អាវុធ នៅអំឡុងពេលពីរឆ្នាំកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយរបាយការណ៍ពីវែបសាយ stockholmcf.org ដែលត្រូវបានដកស្រង់នាល្ងាចថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នាំ២០១៨។
របាយការណ៍ខាងលើនេះបានបន្តទៀតថា តួលេខខាងលើនេះ គឺត្រូវបានបញ្ចេញដោយក្រសួងយុត្តិធម៌នៃប្រទេសតួកគី ដោយក្នុងចំណោមមនុស្សទាំងជាង ៦សែននាក់នោះ ៤៥៧,៤២៥ ត្រូវបានស៊ើបអង្កេតរួចរាល់ និងសល់ប៉ុន្មានទៀត កំពុងស្ថិតនៅក្នុងគោលដៅនៃការស៊ើបអង្កេត ដោយយោងតាមច្បាប់ប្រឆាំងភេរវកម្មរបស់តួកគីមាត្រា ៣១៤។
បើយោងតាមច្បាប់នេះ កាលពីប៉ុន្មានឆ្នាំមុនមនុស្សសរុបតែ ៦៥,៣០៨នាក់ប៉ុណ្ណោះត្រូវបានស៊ើបអង្កេត ប៉ុន្តែនៅក្នុងឆ្នាំ២០១៦ ក្រោយការផ្ទុះអំពើរដ្ឋប្រហារមិនបានសម្រេចមក មនុស្សប្រមាណ ១៥៥,០០០នាក់ ត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើភេរវកម្ម និងចំនួនមានការកើនឡើងជាបន្តបន្ទាប់មកដល់ឆ្នាំ២០១៨នេះ សរុបរហូតដល់ទៅ ៦១២,៣៤៧នាក់។
គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារយោធាបរាជ័យកាលពីខែកក្កដា ឆ្នាំ២០១៦ ប្រទេសតួកគីត្រូវបានដាក់ឲ្យស្ថិតនៅក្នុងគ្រាអាសន្នអស់រយៈពេលពីរឆ្នាំ ដោយក្នុងអំឡុងពេលនោះ ព្រឹត្តិការណ៍សំខាន់ៗបានកើតឡើងដូចជា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឲ្យប្រធានាធិបតីមានសិទ្ធិអំណាចខ្លាំងជាងមុន និងការបោះឆ្នោតសកលនៅក្នុងឆ្នាំ២០១៨នេះ ដែលគណបក្សកាន់អំណាច AKP របស់ប្រធានាធិបតីតួកគីលោក Tayyip Erdogan ជាអ្នកទទួលបានជោគជ័យ៕