(ហុងកុង)៖ អស់រយៈពេលជាច្រើនថ្ងៃ ក្រោយពីការបាត់ខ្លួនយ៉ាងអាថ៌កំបាំង នៃប្រធានស្ថាប័នប៉ូលិសអន្តរជាតិ Interpol ដែលមានមូលដ្ឋាននៅទីក្រុង Lyon ប្រទេសបារាំងនោះ ទីបំផុតទីក្រុងប៉េកាំងប្រកាសថា មេប៉ូលិសអន្តរជាតិរូបនេះពិតជាកំពុងជាប់ឃុំ នៅក្នុងប្រទេសចិនប្រាកដមែន ដើម្បីទទួលការស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើពុករលួយ និងឧក្រិដ្ឋកម្ម។ នេះបើតាមការចេញផ្សាយដោយកាសែត South China Morning Post ដែលមានមូលដ្ឋានទីក្រុងហុងកុង នារសៀលថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នាំ២០១៨។
ទោះបីជាបានប្រកាសអំពីការចាប់ឃុំខ្លួន លោក Meng Hongwei ក៏ដោយ ក៏រដ្ឋាភិបាលចិនតាមរយៈអ្នកនាំពាក្យរបស់ខ្លួន មិនបានបញ្ជាក់អ្វីលើសពីនេះដែរ ដោយគ្រាន់តែអះអាងថា អាជ្ញាធរចិនកំពុងតែបើកការស៊ើបអង្កេតលើរូបលោក ពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន ហើយទីក្រុងប៉េកាំងក៏បានបញ្ជាក់ទៀតដែរថា «លោក Meng បានលាលែងចេញពីតំណែងប្រធានស្ថាប័នប៉ូលិសអន្តរជាតិ Interpol រួចរាល់ហើយ»។
ប្រភពព័ត៌មានបានបន្តទៀតថា ភរិយារបស់លោក Meng គឺលោកស្រី Grace Meng ដែលកំពុងស្ថិតនៅប្រទេសបារាំងនោះ កំពុងតែមានការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពស្វាមី ព្រោះលោកស្រីបានទទួលសារចុងក្រោយពីស្វាមី ដោយក្នុងនោះគឺជារូបស្ទីកខឺ Emoji កាំបិត។ ដោយឡែកក្រសួងមហាផ្ទៃបារាំងវិញបានអះអាងថា លោកស្រី Grace មិនបានជួបមុខស្វាមីតាំងតែពីថ្ងៃទី២៥ ខែកញ្ញាមកម្ល៉េះ ប៉ុន្តែព័ត៌មាននៃបាត់ខ្លួនលោក Meng គឺបានផ្ទុះឡើងកាលពី ០៤ ទៅ ០៥ថ្ងៃមុននេះ។
ការបាត់ខ្លួនរបស់លោក Meng គឺត្រូវបានសារព័ត៌មានដឹងលឺ ក្រោយពីភរិយារបស់លោក បានទៅដាក់ពាក្យបណ្តឹងដល់អាជ្ញាធរប៉ូលិសបារាំង កាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយអាជ្ញាធរប៉ូលិសបារាំងក៏បានសន្យា បើកការស៊ើបអង្កេតជុំវិញការបាត់ខ្លួនរបស់លោក Meng ផងដែរ ដោយនឹងមានការទាក់ទងដោយផ្ទាល់ទៅអាជ្ញាធរចិន។
គួរបញ្ជាក់បន្ថែមថា លោក Meng ក៏ត្រូវជាអនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណរបស់ប្រទេសចិនផងដែរ ហើយក៏ជាប់ជាមន្ត្រីកំពូលដែលស្ថិតនៅក្នុងការស៊ើបអង្កេត របស់អាជ្ញាធរចិនថែមទៀត។ ទោះបីជាបែបនេះមែន ឈ្មោះរបស់លោក Meng បានបាត់ចេញពីបញ្ជីសមាជិកភាព នៃគណកម្មាធិការបក្សកុម្មុយនិស្តចិនទៅហើយ កាលពីខែមេសាកន្លងទៅ ដោយមិនដឹងមូលហេតុច្បាស់លាស់។
លោក Meng ត្រូវបានតែងតាំងជាប្រធានស្ថាប័នប៉ូលិសអន្តរជាតិ Interpol កាលពីឆ្នាំ២០១៦ ហើយបន្ទាប់ពីការឡើងកាន់តំណែងនេះ ក៏មានមតិមួយចំនួនរិះគន់ផងដែរថា ទីក្រុងប៉េកាំងនឹងអាចប្រើប្រាស់ស្ថាប័ននេះតាមរយៈមន្ត្រីជាជនជាតិខ្លួន ដើម្បីការពារសកម្មភាពនានារបស់ចិននៅទូទាំងពិភពលោក ខណៈលោក Meng នឹងត្រូវកាន់តំណែងដល់ឆ្នាំ២០២០ ប៉ុន្តែពេលនេះអាជ្ញាធរចិនបានអះអាងថា លោក Meng បានលាលែងពីតួនាទីនេះទៅហើយ៕