(ផាលូ)៖ ស្តូបតម្កល់សាកសព និងរំលឹកវិញ្ញាណក្ខន្ធដ៏ធំមួយ នឹងត្រូវកសាងនៅក្នុងស្រុក Palu នៃខេត្តដីកោះ Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី ដែលបានទទួលរងគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ និងរលកយក្សស៊ូណាមិកម្ពស់ ៦ម៉ែត្រ ផ្តាច់ជីវិតមនុស្សសរុបជិត ២,០០០នាក់ និងរាប់រាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នាំ២០១៨។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសថា ស្តូបដ៏ធំខាងលើនេះនឹងត្រូវកសាងនៅក្នុងភូមិ Balaroa នៃស្រុក Palu ភាគខាងជើងកោះ Sulawesi ដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុត ដោយសារតែគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែកញ្ញា។ លោក Wiranto រដ្ឋមន្ត្រីកិច្ចការនយោបាយ សនិ្តសុខ និងផ្លូវច្បាប់ឥណ្ឌូណេស៊ីបានបញ្ជាក់ថា ការស្វែងរកមនុស្សបាត់ខ្លួន នឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយអាជ្ញាធរនឹងកសាងស្តូប-រណ្តៅដ៏ធំមួយ ដើម្បីតម្កល់សាកសពមនុស្សស្លាប់ និងធ្វើជាកន្លែងគោរពវិញ្ញាណក្ខន្ធនៃមនុស្សស្លាប់ និងបាត់ខ្លួនទាំងជិត ៣,០០០នាក់។
កាលពីយប់ថ្ងៃអាទិត្យ អ្នកនាំពាក្យក្រុមសង្គ្រោះ នៃខេត្តភាគកណ្តាលឥណ្ឌូណេស៊ីបានអះអាងថា ក្រៅពីចំនួនមនុស្សស្លាប់មានការកើនឡើងដល់ជិត ២,០០០នាក់ មនុស្សសរុប ២,៥៤៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ខណៈរាប់រយរាប់ពាន់នាក់ទៀតត្រូវបានគេជឿជាក់ថា កំពុងបន្តបាត់ខ្លួននៅឡើយនៅក្រោមគំនរអគារ-លំនៅឋាន និងល្បាប់ភក់ដែលបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ និងរលកយក្សស៊ូណាមិកម្ពស់ ០៦ម៉ែត្រ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីទាំងកម្រិតស្រាល និងធ្ងន់ តែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសាគរប៉ាស៊ីហ្វិក ប៉ុន្តែគ្រោះរញ្ជួយដីដែលបង្កជារលកយក្សស៊ូណាមិធ្ងន់ធ្ងរបែបនេះ គឺកម្រកើតមានឡើងបំផុត។ រំលឹកភាពឈឺចាប់បំផុតមិនអាចបំភ្លេចបាន នោះគឺគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ដែលបានបង្កជារលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌា វាយសង្គ្រប់លើដែនដីកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ២០០៤ នោះបានសម្លាប់មនុស្សជាង ១៦៨,០០០នាក់៕