(ញូយ៉ក)៖ ពិតជាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងកម្រកើតមានបំផុតនៅរដ្ឋញូយ៉ក ភាគឦសាសហរដ្ឋអាមេរិក ដោយរថយន្តប្រភេទវែង Limousine មួយគ្រឿង បានរេចង្កូតបុករះគេឯងពេញផ្លូវក្នុងទីក្រុងញូយ៉កសហរដ្ឋសហរដ្ឋអាមេរិក ដោយបានផ្តាច់ជីវិតមនុស្ស ២០នាក់ និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នាំ២០១៨។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ ហើយរថយន្ត Limousine បានធ្វើដំណើរនៅលើដងផ្លូវ Route 30 នៅក្នុងសង្កាត់ Schoharie ដែលមានចម្ងាយ ២៥០គីឡូម៉ែត្រ នៃភាគខាងជើងទីក្រុងញូយ៉ក ប៉ុន្តែរថយន្តនេះមិនអាចបញ្ឈប់ខ្លួនឯងបានឡើង នៅពេលមកដល់ចំណុចបត់នៃផ្លូវ Route 30 ហើយវាក៏បានជ្រុលទៅបុករថយន្ត SUV ដែលចតនៅក្បែរខាងផ្លូវតែម្តង។
ប៉ូលិសនៅតំបន់កើតហេតុបានអះអាងទៀតថា រថយន្តខាងលើនេះបានរេចង្កូត និងក្រឡាប់ចូលទៅក្នុងប្រឡាយក្បែរដងផ្លូវ ដោយសារតែមិនអាចគ្រប់គ្រងលំនឹងទៀតបាន។ ដោយឡែកមនុស្សស្លាប់ទាំង ២០នាក់ គឺសុទ្ធសឹងតែយុវវ័យ ហើយក្នុងនោះ ១៨នាក់ជាអ្នកជិះនៅក្នុងរថយន្ត Limousine ទាំងអស់តែម្តង និងពីរនាក់ទៀតជាអ្នកឈរនៅចិញ្ចើមផ្លូវ។
គួរបញ្ជាក់ថា អត្តសញ្ញាណនៃជនរងគ្រោះទាំងអស់ មិនទាន់ត្រូវបានប៉ូលិសបញ្ជាក់នោះឡើយ ដោយគេត្រូវរង់ចាំស្វែងរកក្រុមគ្រួសារពួកគេជាមុនសិន ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយនេះ ដែលមិនធ្លាប់កើតមានឡើយ ចាប់តាំងពីឆ្នាំ២០០៩ មក៕