(ស៊ីដនី)៖ យន្តហោះមួយគ្រឿងរបស់អាកាសចរណ៍ម៉ាឡេស៊ី បានបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់នៅក្នុងអាកាសដ្ឋានទីក្រុង Perth ភាគនិរតី នៃប្រទេសអូស្ត្រាលី ដោយសារតែមានអ្នកជិះនៅលើនោះ ជួបប្រទះបញ្ហាសុខភាព ឬអាចទទួលរបួសធ្ងន់ធ្ងរខ្លាំង ដែលមិនអាចស៊ូទ្រាំរហូតដល់ទីក្រុង Melbourne ដែលជាគោលដៅនោះបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នាំ២០១៨។
យន្តហោះម៉ាឡេស៊ីដែលមានជើងហោះហើរ MH149 មកពីទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីខាងលើនេះ ជាប្រភេទយន្តហោះ Airbus A330 បានធ្វើការចុះចតនៅឯអាកាសយានដ្ឋាន Perth កាលពីវេលាម៉ោង ៤៖០៤នាទីទៀបភ្លឺ ថ្ងៃច័ន្ទនេះ (ម៉ោងនៅភាគខាងលិចអូស្ត្រាលី) ដោយវាមានគោលដៅទៅកាន់ទីក្រុង Melbourne ដែលស្ថិតនៅភាគខាងកើតអូស្ត្រាលី។
គួរបញ្ជាក់ថា ក្រោយពីយន្តហោះចុះចតភ្លាមៗ គេបានសង្កេតឃើញបុគ្កលិកពេទ្យ និងកងកម្លាំងការពារសន្តិសុខ ចេញប្រតិបត្តិការសង្គ្រោះបន្ទាន់ផងដែរ។ តែយ៉ាងណាក៏ដោយព័ត៌មានលម្អិតស្តីអំពីជំងឺ ឬក៏អាចជាគ្រោះថ្នាក់បង្កឡើងនៅពេលហោះហើរ នៃអ្នកដែលជិះនៅលើយន្តហោះនោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ខណៈយន្តហោះត្រូវបានកំណត់ឲ្យហោះទៅកាន់គោលដៅ គឺទីក្រុង Melbourne នៅរយៈពេលពីរម៉ោងបន្ទាប់៕