(ហ្សាការតា)៖ ចំនួនមនុស្សស្លាប់ដែលបង្កឡើងដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិវាយប្រហារដីកោះ ស៊ូឡាវ៉េស៊ី ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ បានកើនឡើងដល់ ១,៩៤៤នាក់ហើយ បន្ទាប់ពីសាកសពរាប់រយនាក់បន្ថែមទៀតត្រូវបានក្រុមសង្គ្រោះរកឃើញ ខណៈប្រតិបត្តិការរុករកមនុស្សបាត់ខ្លួននេះ នឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រុមសង្គ្រោះ នៃខេត្តភាគកណ្តាលឥណ្ឌូណេស៊ីបានអះអាងថា ក្រៅពីចំនួនមនុស្សស្លាប់មានការកើនឡើងដល់ជិត ២,០០០នាក់ មនុស្សសរុប ២,៥៤៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ខណៈរាប់រយរាប់ពាន់នាក់ទៀតត្រូវបានគេជឿជាក់ថា កំពុងបន្តបាត់ខ្លួននៅឡើយនៅក្រោមគំនរអគារ-លំនៅឋាន និងល្បាប់ភក់ដែលបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ និងរលកយក្សស៊ូណាមិកម្ពស់ ០៦ម៉ែត្រ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីទាំងកម្រិតស្រាល និងធ្ងន់ តែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសាគរប៉ាស៊ីហ្វិក ប៉ុន្តែគ្រោះរញ្ជួយដីដែលបង្កជារលកយក្សស៊ូណាមិធ្ងន់ធ្ងរបែបនេះ គឺកម្រកើតមានឡើងបំផុត។ រំលឹកភាពឈឺចាប់បំផុតមិនអាចបំភ្លេចបាន នោះគឺគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ដែលបានបង្កជារលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌា វាយសង្គ្រប់លើដែនដីកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ២០០៤ នោះបានសម្លាប់មនុស្សជាង ១៦៨,០០០នាក់៕