(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូងថា កិច្ចពិភាក្សារបស់លោកជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង នៅក្នុងដំណើរបំពេញទស្សនកិច្ចជាលើកទី ៣ ទៅកាន់ទីក្រុងព្យុងយ៉ាងនោះ បានបញ្ចប់ប្រកបដោយផ្លែផ្កា។ នេះបើតាមការផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ ដកស្រង់ពីសេចក្តីថ្លែងការណ៍នៃវិមានរដ្ឋាភិបាលកូរ៉េខាងត្បូង Blue House នាយប់ថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។
លោក Mike Pompeo បានមកដល់ទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង នៅព្រឹកថ្ងៃដដែល ហើយលោកក៏បានជួបពិភាក្សាការងារជាមួយលោក មូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងក្នុងវិមាន Blue House ផងដែរ។ នៅក្នុងជំនួបនេះលោក Pompeo បានអះអាងថា វាជារឿងចាំបាច់ដែលលោកត្រូវមកកាន់កូរ៉េខាងត្បូងភ្លាម ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងជើង ព្រោះប្រទេសសម្ព័ន្ធមិត្តអាមេរិកនេះជាដៃគូសំខាន់បំផុត ក្នុងគំរោងលុបបំបាត់នុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ចរបស់លោក Pompeo ទៅកូរ៉េខាងជើង គឺជាលើកទីបីហើយ ដោយស្ថិតនៅក្នុងន័យផ្សាភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើង ឲ្យកាន់តែប្រសើរ និងជាការត្រៀមរៀបចំជំនួបលើកទីពីររវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ដែលនឹងកើតឡើងនាពេលឆាប់ៗខាងមុខផងដែរ។
លោក Pompeo បានប្រកាសពីការបំពេញទស្សនកិច្ចទៅកូរ៉េខាងជើង កាលពីថ្ងៃទី០៤ ខែតុលា កន្លងទៅនេះ ហើយកិច្ចប្រជុំបានបញ្ចប់ទៅនៅវេលាព្រឹកថ្ងៃអាទិត្យនេះ រួចលោកក៏បានធ្វើដំណើរមកកាន់កូរ៉េខាងត្បូង ក្នុងថ្ងៃដដែលតែម្តង។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង លោកនឹងបន្តដំណើរទៅចិន និងជប៉ុន ដើម្បីពន្យល់ដល់ភាគីពាក់ព័ន្ធ អំពើដំណើរវិវឌ្ឍន៍ទៅមុខជារួម៕