(ញូដេលី)៖ មហាយក្សលេខ ២ ប្រចាំទ្វីបអាស៊ី គឺប្រទេសឥណ្ឌាទើបតែបានធ្វើតេស្តបាញ់គ្រាប់មីស៊ីលប្រភេទ Prithvi-II ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ដោយទទួលបានជោគជ័យ ស្ថិតនៅក្នុងរដ្ឋ Odisha ជាប់ឆ្នេរសមុទ្រភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។
គ្រាប់មីស៊ីខាងលើនេះត្រូវបានធ្វើតេស្ត កាលពីយប់ថ្ងៃសៅរ៍ពិតមែន ប៉ុន្តែព័ត៌មាននៃភាពជោគជ័យទើបតែត្រូវបានផ្សព្វផ្សាយមុននេះបន្តិចប៉ុណ្ណោះ ដោយវានឹងត្រូវដាក់បញ្ចូលទៅក្នុងគ្រប់មីស៊ីលយុទ្ធសាស្ត្រ ដែលកងទ័ពឥណ្ឌាត្រូវប្រើប្រាស់។ ក្រសួងការពារជាតិឥណ្ឌាបានបញ្ជាក់ថា ការធ្វើតេស្តបានប្រព្រឹត្តទៅនាវេលាម៉ោង ៨៖៣០នាទីយប់ ហើយគ្រាប់មីស៊ីលបានហោះទៅកម្ទេចគោលដៅក្នុងរយៈចម្ងាយ ៣៥០គីឡូម៉ែត្រ ដោយជោគជ័យ។
គួរបញ្ជាក់ថា គ្រាប់មីស៊ីលខាងលើនេះមានកម្ពស់ជិត ៩ម៉ែត្រ និងអាចដឹកក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ពី ៥០០ ទៅ ១,០០០គីឡូក្រាម។ មីស៊ីលប្រភេទ Prithvi-II នេះត្រូវបានអភិវឌ្ឍន៍ដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យការពារជាតិឥណ្ឌា DRDO៕