(ព័រអូព្រីន)៖ គ្រោះធម្មជាតិរញ្ជួយផែនដីដែលមានកម្រិតបង្គួរ ៥.៩រ៉ិចទ័រ បានវាយប្រហារភាគខាងជើងប្រទេសហៃទី ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រ ពីទីក្រុងកំពង់ផែផតឌឺផេស (Port-de-Paix) នៃប្រទេសអាមេរិកកណ្តាលមួយនេះ (សមុទ្រការីបៀន) ព្រមទាំងបានផ្តាច់ជីវិតមនុស្ស១០នាក់ និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។
ការចេញផ្សាយព័ត៌មានឲ្យដឹងទៀតថា គ្រោះរញ្ជួយដីបានកើតមានឡើង នៅវេលាម៉ោង ៨៖១០នាទីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ (ម៉ោងនៅអាមេរិកកណ្តាល) ស្ថិតក្នុងស្រុក Plaisance។ ក្រៅពីមនុស្សស្លាប់ និងរងរបួសជាច្រើននាក់នោះ អគារនានា និងលំនៅដ្ឋានប្រជាជានជាច្រើនខ្នងទៀតរងការបំផ្លិចបំផ្លាញផងដែរ។
គួររំលឹកថា ភាពឈឺចាប់បំផុតនៃមហន្តរាយបង្កឡើងដោយ គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅហៃទី កាលពីឆ្នាំ២០១០នោះ គឺបានកើតមានឡើងលើរដ្ឋធានីព័រអូព្រីនតែម្តង ដោយបានសម្លាប់មនុស្សជិត ២៣០,០០០នាក់ និងទីក្រុងស្ទើរទាំងមូលរងការបំផ្លិចបំផ្លាញ ដែលមិនធ្លាប់មានក្នុងរយៈពេល ២០០ឆ្នាំចុងក្រោយនេះ៕