(ប៉េកាំង)៖ បន្ទាប់ពីមានសេចក្តីរាយការណ៍​អំពីការចាប់ខ្លួន​ ប្រធានស្ថាប័នប៉ូលិស​​អន្តរជាតិ Interpol ដោយអាជ្ញាធរចិន និងក្រោយពេលមួយថ្ងៃនៃព័ត៌មានអំពីការបាត់ខ្លួនរបស់លោកនោះ មកទល់ថ្ងៃអាទិត្យនេះ​មិនទាន់មានព័ត៌មានណាមួយ​ ចេញផ្សាយអំពី​រឿងរ៉ាវពិតប្រាកដ ឬមួយក៏ការដោះលែង​មេស្ថាប័នធំមួយ​ របស់អន្តរជាតិរូបនេះ​ឡើយ។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន DNA India នាព្រឹក​ថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។

លោក Meng Hongwei អាយុ ៦៤ឆ្នាំ គឺជាជនជាតិចិនដំបូង ដែលបានឡើងកាន់តំណែង​ជាប្រធានស្ថាប័នប៉ូលិសអន្តរជាតិ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Lyon ប្រទេសបារាំង ហើយលោក​ត្រូវបានចាប់ខ្លួនភ្លាមៗ ដោយអាជ្ញាធរប៉ូលិសចិនរួចយកទៅសួរនាំ បន្ទាប់ពីយន្តហោះ​​របស់លោកចុះចត​​នៅ​លើទឹកដីចិន មិនបានប៉ុន្មានផងនោះ។ នេះបើតាម​ការចុះផ្សាយដោយ​កាសែត South China Morning Post ដែលមានមូលដ្ឋាន​នៅទីក្រុង​ហុងកុង។

ទោះបីជាបែបនេះក្តី មិនទាន់មានសារព័ត៌មាន​ណាមួយដឹងថា លោក Meng ត្រូវប៉ូលិសចិន​ចាប់យក​ទៅទីណា ឬក៏ស៊ើបអង្កេត​លើរឿងអ្វី និងពេលណាដែល​លោកត្រូវគេដោះលែង​នោះឡើយ។ ការបាត់ខ្លួន​របស់លោក Meng គឺត្រូវបាន​សារព័ត៌មានដឹងលឺ ក្រោយ​ពីភរិយារបស់លោក បានទៅដាក់ពាក្យ​បណ្តឹងដល់អាជ្ញាធរប៉ូលិស​បារាំង​ កាលពីថ្ងៃសុក្រ​សប្តាហ៍នេះ ហើយអាជ្ញាធរ​ប៉ូលិសបារាំង​ក៏បានសន្យា​ បើកការស៊ើបអង្កេតជុំវិញ​ការបាត់ខ្លួនរបស់​លោក Meng ផងដែរ ដោយនឹងមាន​ការទាក់ទងដោយ​ផ្ទាល់ទៅអាជ្ញាធរ​ចិន។

គួរបញ្ជាក់បន្ថែមថា លោក Meng ក៏ត្រូវជាអនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខ​សាធារណ​របស់​ប្រទេសចិន​ផងដែរ ហើយក៏ជាប់ជាមន្ត្រីកំពូល​ដែលស្ថិតនៅក្នុងការស៊ើបអង្កេត របស់អាជ្ញាធរចិន​ថែមទៀត។ ទោះបីជាបែបនេះ​មែន ឈ្មោះរបស់​លោក Meng បានបាត់​ចេញពីបញ្ជី​សមាជិកភាព នៃគណកម្មាធិការបក្ស​កុម្មុយនិស្តចិន​ទៅហើយ កាលពីខែមេសា​កន្លងទៅ ដោយមិនដឹងមូលហេតុច្បាស់លាស់។

លោក Meng ត្រូវបានតែងតាំង​ជា​ប្រធានស្ថាប័នប៉ូលិសអន្តរជាតិ Interpol កាលពីឆ្នាំ២០១៦ ហើយបន្ទាប់ពី​ការឡើងកាន់តំណែងនេះ ក៏មានមតិមួយចំនួន​រិះគន់ផងដែរថា ទីក្រុងប៉េកាំង​នឹងអាចប្រើប្រាស់​ស្ថាប័ននេះ​តាមរយៈមន្ត្រីជាជនជាតិខ្លួន ដើម្បីការពារ​សកម្មភាព​នានា​របស់ចិន​នៅទូទាំងពិភពលោក ខណៈលោក Meng នឹងត្រូវកាន់​តំណែងដល់ឆ្នាំ២០២០៕