(វ៉ាស៊ីនតោន)៖ ទីបំផុតលោក Brett Kavanaugh ដែលជាបុគ្គលទីពីរសម្រាប់តំណែងប្រធានតុលាការកំពូលអាមេរិក នៅក្នុងអាណត្តិដឹកនាំរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ នោះបានស្បថឡើងកាន់តំណែងហើយ បន្ទាប់ពីការបោះឆ្នោតដោយសំឡេងគាំទ្រ និងប្រឆាំងយ៉ាងប្រកៀកប្រកិតគ្នាបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។
លោក Brett ដែលមានវ័យ ៥៣ឆ្នាំ បានស្បថឡើងកាន់តំណែងជាប្រធានតុលាការកំពូល ក្រោយពីទទួលបានសំឡេងគាំទ្រ ៥០ ទល់នឹង ៤៨សំឡេងប្រឆាំង នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក ហើយលោកគឺជាអ្នកកាន់តំណែងនេះទី ១១៤ ហើយដោយមានលោក John Roberts Jr មន្ត្រីតុលាការកំពូលជើងចាស់ និងអតីតប្រធានតុលាការកំពូលដែលបានចូលនិវត្តន៍គឺលោក Anthony Kennedy ជាសាក្សីនៅក្នុងពិធីស្បថឡើងកាន់តំណែងបែបឯកជននោះ។
គួរបញ្ជាក់ថា លោក Brett បានឡើងកាន់តំណែងបន្តពីលោក Anthony ដែលមានជន្មាយុ ៨២ឆ្នាំទៅហើយ ខណៈដែលបុគ្គលវ័យក្មេងក្នុងស្ថាប័នច្បាប់កំពូលដូចជា លោក Brett បែបនេះ ត្រូវបានអ្នកវិភាគមើលឃើញថា នឹងក្លាយជាការជម្រុញឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ និងបក្សសាធាណរដ្ឋទទួលបានភាពរឹងមាំកាន់តែខ្លាំង នៅពេលប្រឈមមុខបញ្ហាផ្នែកច្បាប់។
ទោះបីជាមុននេះមានការចោទប្រកាន់ថា លោក Brett បានបៀតបៀនផ្លូវភេទលើអតីតសិស្សស្រីកាលជំនាន់លោកជាសិស្សកាលពី ៣៨ឆ្នាំមុនក៏ដោយ ក៏រឿងនេះមិនបានរារាំងអ្វីដល់ការតែងតាំងលោក ធ្វើជាប្រធានតុលាការកំពូលអាមេរិក៕