(ព័រអូព្រីន)៖ គ្រោះធម្មជាតិរញ្ជួយផែនដីដែលមានកម្រិតបង្គួរ ៥.៩រ៉ិចទ័រ បានវាយប្រហារភាគខាងជើងប្រទេសហៃទី ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រ ពីទីក្រុងកំពង់ផែផតឌឺផេស (Port-de-Paix) នៃប្រទេសអាមេរិកកណ្តាលមួយនេះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។
តាមសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាននៅកន្លែងកើតហេតុ ស្ថិតក្នុងស្រុក Plaisance នោះឲ្យដឹងទៀតថា អគារព្រះវិហារសាសនាគ្រិស្តមួយខ្នងបានដួលរលំ និងលំនៅដ្ឋានប្រជាជានជាច្រើនខ្នងទៀតរងការបំផ្លិចបំផ្លាញ ប៉ុន្តែពុំមានការបញ្ជាក់ថា មានមនុស្សស្លាប់ និងរងរបួសឬក៏អត់នោះឡើយ។
គួររំលឹកថា ភាពឈឺចាប់បំផុតនៃមហន្តរាយបង្កឡើងដោយ គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅហៃទី កាលពីឆ្នាំ២០១០នោះ គឺបានកើតមានឡើងលើរដ្ឋធានីព័រអូព្រីនតែម្តង ដោយបានសម្លាប់មនុស្សជិត ២៣០,០០០នាក់ និងទីក្រុងស្ទើរទាំងមូលរងការបំផ្លិចបំផ្លាញ៕