(អ៉ីរ៉ាក់)៖ លោក បាហាម អាមីដ សាលីហ (Barham Ahmed Salih) កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៦០ គឺជាអ្នកនយោបាយដែលបច្ចុប្បន្នជាប្រធានាធិបតីទី៨ របស់ប្រទេសអ៉ីរ៉ាក់។ លោកអតីតជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលតំបន់ឃឺដ និងជាអតីតឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសហព័ន្ធអ៉ីរ៉ាក់។ ខាងក្រោមនេះជាព័ត៌មានសំខាន់ពាក់ព័ន្ធនឹងមេដឹកនាំថ្មីរូបនេះ៖
* ប្រធានាធិបតីទី០៨ នៃប្រទេសអ៉ីរ៉ាក់៖ ២ តុលា ២០១៨ ដល់បច្ចុប្បន្ន
* នាយករដ្ឋទី២ នៃតំបន់ស្វយ័ត ឃឺដ ប្រទេស អ៉ីរ៉ាក់៖ ២៨ តុលា ២០០៩ ដល់ ៥ មេសា ២០១២
* ឧបនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់៖ ២០ ឧសភា ២០០៦ ដល់២០ សីហា ២០០៩
* នាយករដ្ឋមន្ត្រីទីបី នៃតំបន់ឃឺដក្រោមការគ្រប់គ្រងរបស់បក្ស PUK ៖ ២១ មករា ២០០១ ដល់ ៤ កក្កដា ២០០៤
* ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យនៃប្រទេសអ៉ីរ៉ាក់ (Sulaimani)៖ ២០០៧ ដល់ ២០១៧
* ថ្ងៃខែឆ្នាំកំណើត៖ ថ១២ កញ្ញា ១៩៦០ (វ័យ៥៨ឆ្នាំ)
* សញ្ជាតិ៖ អ៉ីរ៉ាក់
* បក្សនយោបាយ៖ បក្ស Patriotic Union of Kurdistan (PUK) (ចាប់ពីឆ្នាំ១៩៧៦ ដល់២០១៧ និងពីឆ្នាំ២០១៨ដល់បច្ចុប្បន្ន)
* បក្សនយោបាយផ្សេងទៀត៖ បក្ស Coalition for Democracy and Justice (ពីឆ្នាំ២០១៧ ដល់២០១៨)
* ភរិយា៖ លោកស្រីសាបាហ សាលីហ (Sarbagh Salih)
* កន្លែងស្នាក់នៅ៖ វិមាន Radwaniyah ស្ថិតក្នុងទីក្រុង បាដាដ ប្រទេស អ៉ីរ៉ាក់
* ជីវិតពីកុមារភាព
បាហាម សាលីល (Barham Salih) កើតនៅឆ្នាំ១៩៦០ ក្នុងទីក្រុង ស៊ូឡាយម៉ានីយ៉ាហ (Sulaymaniyah) ប្រទេសអ៉ីរ៉ាក់។ លោកត្រូវបានចាប់ខ្លួននៅឆ្នាំ១៩៧៩ ដោយរបប Baathist ចំនួនពីរលើក ពីបទជាប់ពាក់ព័ន្ធក្នុងចលនាជាតិឃឺដ បន្ទាប់ពីបានថតរូបអ្នកចូលរួមតវ៉ាក្នុងទីក្រុងស៊ូលៀនម៉ានី(Sulaimaniya) ព្រមទាំងបានជាប់ក្នុងមន្ទីរឃុំឃាំងនៃគណៈកម្មការស៊ើបអង្កេតពិសេសរយៈពេល៤៣ថ្ងៃ ក្នុងទីក្រុង គីកគូក (Kirkuk) ជាទីដែលលោករងការធ្វើទារុណកម្ម។ បន្ទាប់ពីទទួលបានការដោះលែង យុវជនរូបនេះបានបន្តការសិក្សារហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យ និងបានចាកចេញពីប្រទេសអ៉ីរ៉ាក់ ទៅចក្រភពអង់គ្លេស ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញ។
* អគ្គលេខាធិការរងនៃបក្សសហភាពអ្នកស្នេហាជាតិឃឺឌីស្តង់ (Kurdistan)
លោក បណ្ឌិត Barham Salih បានចូលជាសមាជិកសហភាពអ្នកស្នេហាជាតិឃឺឌីស្តង់ (PUK) នៅចុងឆ្នាំ១៩៧៦ រហូតក្លាយជាសមាជិកនៃបក្ស PUK នៃទ្វីបអឺរ៉ុប និងទទួលបន្ទុកផ្នែកទំនាក់ទំនងបរទេស នៅទីក្រុងឡុង។ ក្រៅពីការសកម្មភាពនយោបាយ លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកវិស្វកម្ម សំណង់ស៊ីវិល ពីសាកលវិទ្យាល័យ Cardiff ក្នុងឆ្នាំ១៩៨៣។ ក្រោយមកបានបន្តការសិក្សា និងទទួលបានសញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកស្ថិតិ និងកម្មវិធីកុំព្យូទ័រផ្នែកវិស្វកម្ម ពីសាកលវិទ្យាល័យ Liverpool ក្នុងឆ្នាំ១៩៨៧ ។
ក្រោយមកលោកត្រូវបានគេបោះឆ្នោតជ្រើសរើស ធ្វើជាសមាជិក នៃថ្នាក់ដឹកនាំបក្ស PUK នៅក្នុងសន្និសីទបក្សលើកទី១។ លោកត្រូវបានចាត់តាំងឱ្យដឹកនាំការិយាល័យ PUK ប្រចាំនៅសហរដ្ឋអាមេរិក។ បន្ទាប់ពីការដួលរលំនៃរបប Baathist លោកបានក្លាយជាឧបនាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្នរបស់អ៉ីរ៉ាក់ (នៅពាក់កណ្តាលឆ្នាំ២០០៤) និងជារដ្ឋមន្រ្តីក្រសួងផែនការនៅក្នុងរដ្ឋាភិបាលអន្តរកាល (ឆ្នាំ២០០៥)។
ទីបំផុតលោកបានក្លាយជាឧបនាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលជាប់ឆ្នោតរបស់ប្រទេសអ៉ីរ៉ាក់ ដោយទទួលបន្ទុកផ្នែកផលប័ត្រសេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច។ តំណាងឱ្យរដ្ឋាភិបាលអ៉ីរ៉ាក់ លោកបានចុះកិច្ចព្រមព្រៀងរវាងអ៉ីរ៉ាក់ និងសហគមន៍អន្តរជាតិ ដើម្បីជួយប្រទេសនេះ អាចសម្រេចកាតព្វកិច្ចរបស់ខ្លួន ក្នុងការកសាងប្រទេសជាតិប្រកបដោយវិបុលភាព ប្រជាធិបតេយ្យ និងជាប្រទេសសហព័ន្ធ ប្រកបដោយសន្តិភាពទាំងក្នុងប្រទេស ទាំងថ្នាក់តំបន់ និងពិភពលោក។
កាលពីនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩កន្លងទៅនេះ លោកបានបង្ហាញវត្ថមានក្នុងកម្មវិធី The Colbert Report ដែលផ្សាយចេញពីទីក្រុង បាដាដ។ ក្នុងបទសម្ភាសន៍ លោកបានលើកសរសើរ កងទ័ពអាម៉េរិក ដែលបាន ដោះលែងជនជាតិអ៉ីរ៉ាក់។
* នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលតំបន់ស្វយ័តឃឺដ
លោក Barham Salih ក្នុងការបោះឆ្នោតឆ្នាំ២០០៩ លោកទទួលបាន៥៩អាសនៈក្នុងចំណោម១១១អាសនៈ។ លោកបានទទួលជោគជ័យលើលោកណេឆ័រវ៉ាន់ អាយឌ្រីស បាហ្សានី (Nechervan Idris Barzani) ក្លាយជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលតំបន់ឃឺដ។ ក្រោមការដឹកនាំរបស់លោក បញ្ហាដែលកើតឡើងត្រូវបានកត់សម្គាល់ មានដូចជាចលាចលបក្សប្រឆាំង ដែលមានឈ្មោះថាចលនាដើម្បីការផ្លាស់ប្តូរ (Movement for Change) ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលបន្ទាប់ពីការបាត់បង់ទីក្រុងស៊ូឡាយម៉ានីយ៉ាហ (Sulaymaniyah)។ រឿងដ៏គួរឱ្យកត់សម្គាល់មួយទៀត គឺលោកបានចុះហត្ថលេខាលើកិច្ចសន្យាប្រេងដ៏សំខាន់ជាលើកដំបូង ជាមួយក្រុមហ៊ុន Exxon Mobil បន្ទាប់ពីបានធ្វើសេចក្តីព្រៀង និងធ្វើវិសោធនកម្មច្បាប់ប្រេងថ្មី។
លោកបានផ្ទេរតំណែងនាយករដ្ឋមន្ត្រីនេះ ទៅដល់លោក (Nechervan Idris Barzani) នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២ ដែលនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងនយោបាយរវាង បក្ស KDP និង PUK។ ក្រោយមកលោកបានរៀបការលោកស្រីបណ្ឌិតសារបាង្ហ សាលី (Sarbagh Salih) ដែលជាប្រធាន និងជាសមាជិកស្ថាបនិក នៃមូលនិធិ Kurdish Botanical ព្រមទាំងជាសកម្មជនសិទិ្ធនារីផងដែរ។
* ផ្លាស់ទីទៅគណបក្សប្រឆាំង
នៅខែកញ្ញា ឆ្នាំ២០១៧ លោក សាលីហ បានប្រកាសថាលោកបានចាកចេញពីបក្ស PUK និងបង្កើតគណបក្សប្រឆាំងថ្មីមួយ ដែលមានឈ្មោះថាសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងយុត្តិធម៌ ដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅអ៊ីរ៉ាក់ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ។ មេដឹកនាំរូបនេះ បានបង្ហាញសង្ឃឹមថា នឹងប្រមូលផ្តុំគណបក្សប្រឆាំងដទៃទៀតដើម្បីរួមគ្នា ប្រកួតប្រជែងបក្សសម្ព័ន្ធ KDP-PUK ។
* ប្រធានាធិបតីប្រទេស អ៉ីរ៉ាក់
នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ លោក សាលីហ ត្រូវបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៨នៃប្រទេស អ៊ីរ៉ាក់ ដោយលោកទទួលបាន ២១៩ សម្លេង ដោយបានយកជ័យជម្នះទៅលើលោក ហ្វូដ ហូសេន ដែលទទួលបានត្រឹមតែ ២២សម្លេង៕