(បាងកក)៖ តំបន់ឆ្នេរទេសចរណ៍ដ៏មានប្រជាប្រិយភាព Maya Bay នៃកោះ Ko Phi Phi Leh ក្នុងឈូងសមុទ្រថៃនឹងត្រូវបិទទា្វរ ដោយមិនកំណត់ពេលវេលា ដើម្បីជួសជុលការខូចខាតដែលបង្កឡើងដោយភ្ញៀវទេសចរ ដែលមកកម្សាន្តតំបន់ទេសចរណ៍មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។
តំបន់ឆ្នេរ Maya Bay ជាទីដែលត្រូវបានគេជ្រើសរើស ជាកន្លែងថតកន្លែងខ្សែភាពយន្ដជាង ២០០០រឿង ក្នុងនោះរួមមានទាំងខ្សែភាពយន្ដសម្ដែងដោយតារាហូលីវូត លោក Leonardo DiCaprio បានក្លាយគោលដៅទេសចរណ៍ទាក់ទាញភ្ញៀវទេសចរបំផុត នៅក្នុងប្រទេសថៃ ជាមួយភ្ញៀវទេសចរមកកម្សាន្តររហូតដល់ ៥,០០០នាក់ក្នុងមួយថ្ងៃ។
ក៏ប៉ុន្តែដោយសារតែការទទួលភ្ញៀវទេសចរច្រើនលើសលប់ពេក វាបានបណ្ដាលឱ្យផ្កាថ្មជាង ៨០ភាគរយ នៅជុំវិញ Maya Bay រងការបំផ្លិចបំផ្លាញយ៉ាងដំណំ ហើយបើនៅតែបណ្តែតបណ្តោយការបំផ្លាញនេះទៅមុខទៀត ធម្មជាតិដែលបាត់បង់ នឹងពិបាកក្នុងការស្តារឡើងវិញខ្លាំងណាស់។
គួរបញ្ជាក់ថា តំបន់ឆ្នេរទេសចរណ៍ Maya Bay ត្រូវបានបិទដោយអាជ្ញាធរថៃកាលពីដើមខែមិថុនា ហើយការបិទត្រូវបានអូសបន្លាយរហូតដល់រយៈពេលមួយឆ្នាំ ក្រោយចំណាយពេលបួនខែក្នុងការសង្រ្គោះ ហើយប្រការនោះត្រូវបានបង្កឡើងដោយការការពារបរិស្ថានមិនបានគ្រប់គ្រាន់។ ចំណែកឯការបិទឆ្នេរលើកនេះមិនត្រូវបានគេកំណត់ពេលវេលាឡើយ៕