(ហ្សាការតា)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៉ី នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅឯកោះ ស៊ូឡាវ៉េស៊ី (Sulawesi) បានកើនដល់ ១,៥៧១នាក់ ខណៈមនុស្សជាង ១,០០០នាក់ទៀត ត្រូវបានគេជឿជាក់​ថា នៅតែបន្តបាត់ខ្លួន​នៅឡើយ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។

ជាមួយគ្នានោះ អាជ្ញាធរគ្រប់គ្រោះមហន្តរាយឥណ្ឌូណេស៉ី ក៏បានបញ្ជាក់ដែរថាមនុស្ស ២,៥៣៤នាក់​បានរងរបួស និងកំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យនានានៅក្នុងតំបន់។

តួលេខនៃអ្នក​ដែលបាត់ខ្លួនខាងលើ គឺជាចំនួនប៉ាន់ស្មានរបស់​ទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយជាតិ​ឥណ្ឌូណេស៉ី ​ហើយជាអ្នក​ដែលរស់​នៅក្នុងតំបន់ចំនួនបី រួមមាន ផេតូបូ (Petobo), បាឡារ៉ូអា (Balaroa), និង ស៊ីជី (Sigi) ដែលនៅ​ជាយក្រុង Palu ជាទីរងការវាយប្រហារ​យ៉ាងធ្ងន់ធ្ងរ។ នៅ​ក្នុង​តំបន់ Petobo មនុស្សនៅមានជីវិតមានត្រឹមតែ ២៦នាក់ប៉ុណ្ណោះ ខណៈ​នៅ Balaroa រកឃើញមនុស្សនៅរស់៤៨នាក់។

ទន្ទឹមនឹងនេះ​មនុស្ស​ច្រើន​ជាង ​៧,០០០នាក់ បានបាត់បង់​លំនៅឋាន។ ​ក្រៅពីនេះ ​មនុស្សរាប់ពាន់នាក់​ផ្សេងទៀត ក៏ត្រូវគេជឿជាក់​ផងដែរថា បាន​បាត់​ខ្លួន​​នៅ​តាម​តំបន់​​ដទៃ​ទៀត។ អាជ្ញាធរឥណ្ឌូណេស៉ី​បានកំណត់ថា ថ្ងៃសុក្រ​គឺជាក្តីសង្ឃឹម​ចុងក្រោយ ដើម្បីស្វែងរកអ្នក​នៅមានជីវិត ដែលកប់នៅក្រោមគំនរ​អគារ​ ​ពីព្រោះថាលើស​ពីពេលនេះ ពោលគឺផុតពីមួយ​សប្តាហ៍ក្រោយគ្រោះ​មហន្តរាយ ភាគរយនៃការរុករក​អ្នកនៅមានជីវិត គឺស្ទើរតែស្មើ​​សូន្យ​តែម្តង។

គួរជម្រាបថា កាលពីថ្ងៃសុក្រ​សប្តាហ៍មុន គ្រោះរញ្ជួយដី​កម្រិត ៧.៥រ៉ិចទ័រ បានអង្រួនកោះ​ភាគកណ្តាល Sulawesi ដែលធ្វើឲ្យមានរលក​​យក្សកម្ពស់​ ០៦ម៉ែត្រ ដែលបានបង្កការ​បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕