(ហ្សាការតា)៖ ខណៈមកទល់ពេលនេះសាកសពមនុស្សចំនួន ១,៥៥៨នាក់ ត្រូវបានរកឃើញ អាជ្ញាធរឥណ្ឌូណេស៉ីបានឲ្យដឹងទៀតថា គ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏អាក្រក់កាលពីសប្តាហ៍មុននោះ បានបន្សល់ទុកមនុស្សប្រហែល ១,០០០នាក់ទៀត ឲ្យនៅបន្តបាត់ខ្លួនក្នុងតំបន់ចំនួនបី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sky News នៅរសៀលថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។
តួលេខនៃអ្នកដែលបាត់ខ្លួនខាងលើ គឺជាចំនួនប៉ាន់ស្មានរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៉ី ហើយជាអ្នកដែលរស់នៅក្នុងតំបន់ចំនួនបី រួមមាន ផេតូបូ (Petobo), បាឡារ៉ូអា (Balaroa), និង ស៊ីជី (Sigi) ដែលនៅជាយក្រុង Palu ជាទីរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងតំបន់ Petobo មនុស្សនៅមានជីវិតមានត្រឹម តែ ២៦នាក់ប៉ុណ្ណោះ ខណៈនៅ Balaroa រកឃើញមនុស្សនៅរស់ ៤៨នាក់។
ទន្ទឹមនឹងនេះមនុស្សច្រើនជាង ៧,០០០នាក់ បានបាត់បង់លំនៅឋាន។ ក្រៅពីនេះ មនុស្សរាប់ពាន់នាក់ផ្សេងទៀត ក៏ត្រូវគេជឿជាក់ផងដែរថា បានបាត់ខ្លួននៅតាមតំបន់ដទៃទៀត។ អាជ្ញាធរឥណ្ឌូណេស៉ីបានកំណត់ថា ថ្ងៃសុក្រគឺជាក្តីសង្ឃឹមចុងក្រោយ ដើម្បីស្វែងរកអ្នកនៅមានជីវិត ដែលកប់នៅក្រោមគំនរអគារ ពីព្រោះថាលើសពីពេលនេះ ពោលគឺផុតពីមួយសប្តាហ៍ក្រោយគ្រោះមហន្តរាយ ភាគរយនៃការរុករកអ្នកនៅមានជីវិត គឺស្ទើរតែស្មើសូន្យតែម្តង។
គួរជម្រាបថា កាលពីថ្ងៃសុក្រសប្តាហ៍មុន គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ បានអង្រួនកោះភាគកណ្តាល Sulawesi ដែលធ្វើឲ្យមានរលកយក្សកម្ពស់ ០៦ម៉ែត្រ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕