(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បានប្រៀបធៀបបុគ្គលិក និងថ្នាក់ដឹកនាំវិហារអ៊ីស្លាម ឬ (imams) នៃនាយកដ្ឋានកិច្ចការសាសនាតួកគី ឬហៅកាត់ថា Diyanet ចំនួន ១៤០,០០០នាក់ គឺជាសមាជិកនៃកងទ័ពដ៏ខ្លំាង នៅអំឡុងថ្លែងសុន្ទរកថាមួយនៅឯព្រឹត្តិការណ៍មានឈ្មោះថា «ជំនួបជាមួយមន្ត្រីសាសនា»។ នេះបើតាមការចេញផ្សាយដោយគេទំព័រ stockholmcf នៅរសៀលថ្ងៃព្រហស្បតិ៍ ០៤ ខែតុលា ឆ្នាំ២០១៨។
ថ្លែងក្នុងជំនួបជាមួយ imams នៅឯវិមានប្រធានាធិបតី លោក អឺដូហ្កាន់ បានសម្ដែងការអរគុណខ្លាំងដល់មន្ត្រីកិច្ចសាសនាតួកគី ដែលបានអំពាវនាវឱ្យប្រជាជនតួកគីទាំងអស់ងើបឡើង ដើម្បីប្រឆាំងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។
បន្ថែមពីលើនេះលោកប្រធានាធិបតីតួកគី ក៏បានបង្ហាញការសាទរផងដែរ ចំពោះការបើកវិហារអ៊ីស្លាមមួយនៅក្នុងទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។ លោក អឺដូហ្កាន់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានបើកសម្ពោធវិហាររបស់យើងនៅក្នុងទីក្រុង Cologne ។ ចាប់ពីនេះតទៅជនជាតិអាល្លឺម៉ង់ នឹងទៅទស្សនាវិហារមួយនេះជាញឹកញប់ ហើយពិតជាពេញចិត្តចំពោះដំណើរទស្សនកិច្ចនេះដោយសង្ឃឹមថាពួកគេអាចនឹងចូលសាសនាអ៊ីស្លាម»៕