(ម៉ូស្គូ)៖ ប្រទេសឥណ្ឌូណេស៉ី អាចនឹងត្រូវទណ្ឌកម្មពីសហរដ្ឋអាមេរិក ជុំវិញការព្រមព្រៀងទិញយន្តហោះចម្បាំងដ៏ទំនើប Su-35 ពីប្រទេសរុស្ស៉ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។
ទីក្រុងវ៉ាស៉ីនតោននៅមិនទាន់អាចផ្តល់ការធានាដល់ទីក្រុងហ្សាការតាថា ឥណ្ឌូណេស៉ី នឹងមិនត្រូវប្រឈមជាមួយទណ្ឌកម្មនៅក្រោមច្បាប់ CAATS ដែលមានគោលដៅប្រឆាំងនឹងរុស្ស៉ីនៅឡើយទេ។ ប៉ុន្តែទន្ទឹមនឹងនេះអាជ្ញាធរអាមេរិក ក៏បាននិងកំពុងព្យាយាមដាក់ចេញផងដែរនូវការលើកលែងទណ្ឌកម្ម សម្រាប់អនុញ្ញាតឲ្យប្រទេសមួយចំនួន ដែលមានទំនាក់ទំនងជាមួយម៉ូស្គូ ទិញសព្វាវុធពីប្រទេសរុស្ស៉ី។
គួរជម្រាបថា បើតាមឯកអគ្គរដ្ឋទូតឥណ្ឌូណេស៉ីប្រចាំប្រទេសរុស្ស៉ី រដ្ឋាភិបាលទីក្រុងហ្សាការតារំពឹងថា នឹងទទួលបានយន្តហោះដំបូងក្នុងចំណោមយន្តហោះ Su-35 សរុបចំនួន ១១គ្រឿង ដែលខ្លួនបានបញ្ជាទិញ យ៉ាងហោចណាស់នៅខែតុលា ឆ្នាំ២០១៩៕