(ហ្សាការតា)៖ សាកសពសរុបកើនដល់ចំនួន ១,៥៥៨នាក់ ត្រូវបានរកឃើញក្រោយពីការវាយប្រហារដោយរញ្ជួយដីកាលពីសប្តាហ៍មុន ដែលបានបង្កជារលកធំៗបោកសង្រ្គប់ទៅលើខេត្តដីកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលឥណ្ឌូណេស៉ី។ នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៉ី ដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។
គ្រោះមហន្តរាយដ៏អាក្រក់ខាងលើ បានបំផ្លិចបំផ្លាញអគារនានានៅក្នុងទីក្រុង Palu ដែលជាប់ឆ្នេរសមុទ្រឲ្យដួលរលំខ្ទេចខ្ទី ហើយប្រព័ន្ធធ្វើដំណើរនៅក្នុងតំបន់បានរងការខូតខាតជាខ្លាំង ខណៈជំនួយត្រូវបញ្ជូនមកដល់ដោយយឺតយ៉ាវ ខណៈប្រជាជនដែលរួចជីវិតនោះបានធ្លាក់ខ្លួនដើរលួចឥវ៉ាន់ និងរបស់របរតាមហាងជាដើម។
មកទល់ពេលនេះ ទោះបីជាក្រុមសង្រ្គោះនៅតែកំពុងខិតខំដើរឆែកនៅតាមគំនរអគារដែលដួលរលំក៏ដោយ ក្តីសង្ឃឹមដែលថានឹងអាចរកឃើញអ្នកនៅរស់រានមានជីវិតនោះ កាន់តែបាត់បង់ទៅៗ។ គួរជម្រាបថា បន្ទាប់ពីមានការដង្ហោយសុំជំនួយពីអន្តរជាតិពីសំណាក់ប្រធានាធិបតីឥណ្ឌូណេស៉ី ប្រទេសចំនួន ២៥ ក៏បានឆ្លើយតបផងដែរ៕