(តួកគី)៖ កងទ័ពរបស់តួកគី នឹងមិនចាកចេញពីទឹកដីស៊ីរីនោះទេ រហូតទាល់តែប្រជាជនស៊ីរី បានធ្វើការបោះឆ្នោតរួចរាល់, នេះបើតាមសម្តីប្រធានាធិបតីតួកគី លោក Tayyip Erdogan បានលើកឡើង ហើយត្រូវបានចុះផ្សាយឲ្យដឹងដោយសារព័ត៌មាន Channel News Asia នាយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ។
«លុះត្រាតែប្រជាជនស៊ីរី រៀបចំធ្វើការបោះឆ្នោត ទើបយើងនឹងចាកចេញពីស៊ីរី ដោយខ្លួនឯង បន្ទាប់ពីពួកគេធ្វើការបោះឆ្នោតរួចរាល់», នេះបើតាមការស្រង់សម្តី លោក Erdogan បានធ្វើឡើង ក្នុងវេទិកាមួយ នាទីក្រុង Istanbul នាថ្ងៃព្រហស្បត្តិ៍នេះ។
គួររំលឹកថា លោក Erdogan បានព្រមព្រៀងជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែមុន ដើម្បីបង្កើតតំបន់គ្មានយោធាមួយ រវាងក្រុមសកម្មប្រយុទ្ធរបស់ រដ្ឋាភិបាល និងក្រុមឧទ្ទាម នៅភាគខាងជើង ប្រទេសស៊ីរី៕