(ហូឡង់)៖ ទីភ្នាក់ងារសន្តិសុខហូឡង់បានបណ្ដេញជនជាតិរុស្ស៊ី ០៤នាក់ ចេញពីប្រទេស ជុំវិញការរៀបចំផែនវាយប្រហារព័ត៌មានវិទ្យា កាលពីខែមេសាកន្លងទៅលើអង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមី (OPCW) ខណៈរដ្ឋមន្ត្រីការពារជាតិហូឡង់ ក៏បានចោទប្រកាន់ដែរថា រុស្ស៊ីបានព្យាយាម Hack ឬលួចព័ត៌មានទាក់ទិងនឹងការស៊ើបអង្កេតលើករណីបាញ់ទម្លាក់យន្ដហោះ MH17។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរហូឡង់ ជនជាតិរុស្ស៊ីទាំង ០៤នាក់ខាងលើ គឺជាសមាជិករបស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់យោធារុស្ស៊ី GRU បានដាក់គោលដៅវាយប្រហារព័ត៌មានវិទ្យាប្រឆាំងនឹងអង្គការ OPCW ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។ លើសពីនេះទៅទៀត អាជ្ញាធរហូឡង់ក៏បានអះអាងដែរថា ជនសង្ស័យទាំង ០៤នាក់នេះ មានលិខិតឆ្លងដែនប្រភេទការទូត ហើយក្នុងចំណោមពួកគេមានម្នាក់ជាអ្នកជំនាញ IT រីឯកុំព្យូទ័រយួរដៃមួយគ្រឿងដែលត្រូវបានរឹបអូស គឺធ្លាប់ត្រូវប្រើប្រាស់នៅក្នុងប្រទេសប្រេស៊ីល ស្វីស និងម៉ាឡេស៊ី។
គួរបញ្ជាក់ថា បច្ចុប្បន្នអង្គការ OPCW កំពុងបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា រុស្ស៊ីបានប្រើប្រាស់អាវុធគីមីបំពុលសម្លាប់ អតីតទីភ្នាក់ងារស៊ើបការណ៍សំងាត់ម្នាក់របស់ខ្លួន នៅលើទឹកដីអង់គ្លេស រួមទាំងការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសស៊ីរី បើទោះជាទីក្រុងម៉ូស្គូបដិសេធក៏ដោយ៕