(ម៉ូស្គូ)៖ នៅទីបំផុតរូបថតបង្ហាញពីនាវាពិឃាតចិន ដេញតាមបណ្ដេញនាវាពិឃាតអាមេរិក USS Decatur នៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ត្រូវបានចេញផ្សាយនៅលើបណ្ដាញអ៊ីនធឺណែត ខណៈរូបថតមួយសន្លឹកបញ្ជាក់ថា នាវាពិឃាតទាំងពីរស្ទើរតែបុកទង្គិចគ្នាទៅហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
រូបថតចំនួន ០៤សន្លឹក ដែលត្រូវបានបង្ហោះនៅលើគេហទំព័រព័ត៌មាន g-Captain បានបង្ហាញថា នាវាពិឃាតចិន ឡានចូវ (Lanzhou)-(170) បានធ្វើដំណើរចូលទៅក្បែរ និងដេញតាមបណ្ដេញនាវាពិឃាតអាមេរិក USS Decatur មួយគ្រឿងឱ្យចេញឆ្ងាយពីតំបន់ថ្មប៉ប្រះទឹក ហ្គាវិន (Gaven) នៃទីប្រជុំកោះស្ព្រាតលី (Spratly) ក្នុងតំបន់សមុទ្រចិនខាងត្បូងទីដែលទីក្រុងប៉េកាំងអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។
ដោយឡែកជុំវិញភាពតានតឹងនេះដែរ កងនាវាអាមេរិកបានបញ្ជាក់ថា នាវាពិឃាតចិន Lanzhou ស្ថិតនៅចំងាយត្រឹមតែ ៤៥ yards ឬ ៤១ម៉ែត្រ ពីនាវាពិឃាតអាមេរិក USS Decatur ដែលព្យាយាមបញ្ជៀសមិនឱ្យមានការប៉ះទង្គិចគ្នា។ ជាងនេះទៅ ទៀតកងនាវាអាមេរិក ក៏បានចោទប្រកាន់ផងដែរថា «ទង្វើរបស់នាវាពិឃាតចិន គឺជាសកម្មភាពបង្កគ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ»។
តែទោះយ៉ាងនេះក្ដី ក្រសួងការបរទេស និងក្រសួងការពារជាតិបានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើនាវាចរពីសំណាក់នាវាពិឃាតអាមេរិក នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ហើយបានជម្រុញឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការប្រើលេសធ្វើសេរីភាព នាវាចរដើម្បីបង្កើនភាពតានតឹងនៅក្នុងតំបន់៕