(តូក្យូ)៖ ក្នុងពេលត្រឹមតែមួយខែប៉ុណ្ណោះ ព្យុះទីហ្វុងថ្មីមួយផ្សេងទៀត កំពុងសំដៅឆ្ពោះមកវាយប្រហារលើប្រទេសជប៉ុន ខណៈតំបន់ប្រឈមមុខកំពុងតែត្រៀមដើម្បីការពារសុវត្ថិភាព។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
បើតាមការព្យាករណ៍របស់មជ្ឈមណ្ឌលតាមដានព្យុះទីហ្វុង JTWC ដែលមានមូលដ្ឋាននៅតៃវ៉ាន់ ព្យុះទីហ្វុងឈ្មោះថា កង្រី (Kong-rey) ត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅរកសមុទ្រជប៉ុន នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈគិតត្រឹមយប់មិញនេះ ចំណុចកណ្តាលរបស់ព្យុះស្ថិតនៅចម្ងាយជាង ៥៥០គីឡូម៉ែត្រ ភាគខាងត្បូងមូលដ្ឋានទ័ពអាកាស កាដេណា (Kadena) លើកោះអូគីណាវ៉ា (Okinawa)។
គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុនព្យុះទីហ្វុង ត្រាមី (Trami) បានបោកបក់ទៅលើប្រទេសជប៉ុន ដោយបានផ្តាច់ជីវិតមនុស្ស ០២នាក់ និងបង្កឲ្យរបួសជាង ១២០នាក់ រួមជាមួយបញ្ហារាំងស្ទះជាច្រើនផ្សេងទៀត ខណៈកាលពីថ្ងៃទី០៤ ខែកញ្ញា ព្យុះទីហ្វុងឈ្មោះថា ជែប៊ី (Jebi) បានវាយលុកទៅលើភាគខាងលិចជប៉ុន ដោយបានសម្លាប់មនុស្សយ៉ាងតិច ១១នាក់ និងជាច្រើននាក់ទៀតរងរបួស ហើយវាត្រូវគេចាត់ទុកថា ជាព្យុះទីហ្វុងអាក្រក់បំផុតសម្រាប់ជប៉ុន ក្នុងអំឡុងពេល ២៥ឆ្នាំ ចុងក្រោយនេះ៕