BREAKING NEWS (Update): រកឃើញសាកសពកើនដល់១,៤២៤នាក់ ក្រោយគ្រោះរញ្ជួយដី និងស៊ូណាមិវាយប្រហារឥណ្ឌូណេស៊ី (Video inside)
04-10-2018 14:42
(ហ្សាការតា)៖ ចំនួនមនុស្សស្លាប់ដែលបង្កឡើងដោយ គ្រោះធម្មជាតិរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ និងរលកយក្សស៊ូណាមិកម្ពស់ ០៣ម៉ែត្រ ដែលបានវាយប្រហារកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីនោះ បានកើនឡើងដល់ ១,៤២៤នាក់ហើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បបតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
កាលពីថ្ងៃពុធតួលេខអ្នកស្លាប់ត្រូវបានគេអះអាងថា មានចំនួន ១,៤០៧នាក់ ហើយមកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ីនៅតែបន្តប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះរបស់ពួកគេ ស្របពេលការផ្ដល់ជំនួយសង្រ្គោះបន្ទាន់ បានបញ្ជូនជាបណ្ដើរទៅកាន់តំបន់រងគ្រោះ ជាទីដែលអ្នកនៅរស់រានមានជីវិតកំពុងគ្មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ បន្ថែមពីលើនេះ ភាពតានតឹងក៏បានផ្ទុះឡើងផងដែរកាលពីថ្ងៃពុធ ដោយប៉ូលិសបានបង្កើនការយាមកាមនៅតាមហាងទំនិញ ជាច្រើនដើម្បីទប់ស្កាត់អំពើលួច ឬប្លន់។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ (ពីដំបូងមានកម្រិតដល់ ៧.៧រ៉ិចទ័រ) បានវាយប្រហារលើកោះស៊ូឡាវ៉េស៊ី (Sulawesi) កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយបង្កឱ្យទៅជារលកយក្សស៊ូណាមិ បោកសង្គ្រប់លើទីក្រុងប៉ាលូ (Palu)។ ដោយឡែកអង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសផ្ដល់ជំនួយ ១៥លានដុល្លារអាមេរិកសម្រាប់ជួយដល់ប្រជាជនរងគ្រោះ និងកំពុងពិនិត្យព្រមទាំងអំពាវនាវឲ្យអន្តរជាតិ ផ្តល់ជំនួយបន្ថែមទៀតដល់ឥណ្ឌូណេស៊ី៕