(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផ្នែកសន្តិសុខព័ត៌មានវិទ្យាអាមេរិក FireEye បានឱ្យដឹងថា ក្រុម Hackers កូរ៉េខាងជើងមានរហស្សនាមថា APT38 បានដឹកនាំប្រតិបត្តិការវាយប្រហារផ្នែកព័ត៌មានវិទ្យា ប្រឆាំងនឹងធនាគារជាច្រើននៅជុំវិញពិភពលោក ដោយលួចបានលុយរាប់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ក្រុមហ៊ុន FireEye មានមូលដ្ឋាននៅឯភាគខាងជើងរដ្ឋ វ៉ឺជីនៀ (Virginia) បានឱ្យដឹងទៀតថា ក្រុម Hackers APT38 គឺជាអ្នកទទួលខុសត្រូវចំពោះបទឧក្រិដ្ឋហិរញ្ញវត្ថុ និងដឹកនាំការវាយប្រហារព័ត៌មាន វិទ្យាក្នុងនាមរបបដឹកនាំកូរ៉េខាងជើង។
របាយការណ៍ដដែលបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេលជាង៤ឆ្នាំមកនេះ ក្រុម Hackers កូរ៉េខាងជើង APT38 បានដឹកនាំប្រតិបត្តិការវាយប្រហារព័ត៌មានវិទ្យា នៅក្នុងប្រទេសចំនួន ១១ និងស្ថាប័នចំនួន ១៦ ព្រមទាំងបានព្យាយាមលួចលុយជាង ១.១ពាន់លានដុល្លារ ពីស្ថាប័នហិរញ្ញវត្ថុជាច្រើន»។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន FireEye មកទលនឹងពេលនេះក្រុម Hackers APT38 នៅតែមានសកម្មភាពនៅឡើយដែលនេះ គឺជាការគំរាមកំហែងដល់ធ្ងន់ធ្ងរមួយ ដល់ប្រព័ន្ធហិរញ្ញវត្ថុសកលលោក៕