(សាន់ហ្វ្រាន់ស៉ីស្កូ)៖ សម្ព័ន្ធក្រុមអ្នកការពារកុមារនៅអាមេរិក បានស្នើយ៉ាងទទូចឲ្យអាជ្ញាធរត្រួតពិនិត្យលើវិស័យពាណិកម្មនៅក្នុងប្រទេសខ្លួន បើកការស៉ើបអង្កេត និងចាត់វិធានការប្រឆាំងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Facebook ជុំវិញការរំលោភលើច្បាប់រក្សាសិទ្ធិឯកជនរបស់កុមារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
ក្រុមខាងលើបានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ របស់សហរដ្ឋអាមេរិកដោយចោទប្រកាន់ថា កម្មវិធីចម្រូងចម្រាសមួយឈ្មោះថា Messenger Kids របស់ Facebook ដែលអនុញ្ញាតឲ្យសូម្បីតែក្មេងអាយុត្រឹម ០៥ឆ្នាំប៉ុណ្ណោះ ប្រើប្រាស់បានដែរនោះ បាននិងកំពុងប្រមូលយកព័ត៌មានផ្ទាល់ខ្លួនរបស់កុមារ ដោយមិនមានសិទ្ធិអនុញ្ញាតដែលអាចជឿជាក់បានពីឪពុក-ម្តាយពួកគេនោះឡើយ។ បើតាមពាក្យបណ្តឹងដដែល Facebook ថែមទាំងលក់ព័ត៌មានទាំងនេះ ទៅកាន់ភាគីទីបីទៀតផង។
គួរជម្រាបថា ក្រុមហ៊ុន Facebook បានបញ្ចេញកម្មវិធី Messenger Kids នៅលើប្រព័ន្ធប្រតិបត្តិការ iOS កាលពីខែធ្នូ ឆ្នាំទៅមិញនេះ ដើម្បីផ្តល់ឱកាសឲ្យកុមារៗអាយុក្រោម ១៣ឆ្នាំ អាចជជែកជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេបាន ហើយក្រោយនេះ កម្មវីធីនេះត្រូវបានពង្រីកទៅដល់អ្នកប្រើប្រាស់ Android ថែមទៀត នៅក្នុងសហរដ្ឋអាមេរិក កាណាដា និងប្រទេសដទៃទៀត។
ខណៈ Facebook ផ្ទាល់បានលើកឡើងថា កម្មវីធីខាងលើផ្តល់សិទ្ធិឲ្យឪពុក-ម្តាយជាអ្នកសម្រេចថា តើកូនៗរបស់ពួកគេអាចជជែកជាមួយបុគ្គលណាខ្លះបាននោះ ក្រុមអ្នករិះគន់នៅតែពុំមានភាពជឿជាក់ ចំពោះចំណាត់ការផ្នែកសន្តិសុខរបស់ Facebook ជុំវិញការការពារសិទ្ធិឯកជនភាពរបស់កុមារឡើយ ហើយតែងតែបានជំរុញឲ្យ Facebook បិទកម្មវិធីនេះចោលវិញ៕