(គូឡាឡាំពួ)៖ លោកស្រី រ៉ូស្មាហ៍ មែនស័រ (Rosmah Mansor) ដែលជា​ភរិយាអតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៉ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ត្រូវបានតុលាការចោទ​ប្រកាន់ពី​បទលាងលុយកខ្វក់ ដែលពាក់ព័ន្ធ​ទៅនឹងរឿងអាស្រូវពុក​រលួយ​​នៃមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB)។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។

លោកស្រី Rosmah វ័យ ៦៦ឆ្នាំ នាថ្ងៃព្រហស្បតិ៍នេះ បានរងការចោទ​ប្រកាន់​សរុប​១៧ករណី ​ក្រោមច្បាប់​ប្រឆាំងអំពើលុបលាង​លុយ​កខ្វក់នៃប្រទេស​ម៉ាឡេស៉ី ហើយលោកស្រី បានឆ្លើយបដិសេធ​ចោលនូវការចោទប្រកាន់​ទាំងអស់។ ការចោទ​ប្រកាន់នេះ ត្រូវបាន​ធ្វើ​ឡើងបន្ទាប់​ពីលោកស្រី​ត្រូវបានចាប់ខ្លួន​ ដោយអាជ្ញាធរប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៉ី​កាល​ពីថ្ងៃពុធម្សិលមិញ។

គួរជម្រាបថា សម្រាប់ស្វាមី​របស់លោកស្រី គឺលោក Najib វិញ សរុបមកទល់ពេលនេះ បានរងការចោទប្រកាន់​ជាង ៣០ករណី ដែល​ក្នុង​នោះរួមមានទាំង​ការរំលោភអំណាច ការរំលោភលើទំនុកចិត្ត និងការលាងលុយកខ្វក់ជាដើម ដែលទាក់ទិននឹងសំណុំរឿងមូលនិធិ​រដ្ឋ 1MDB ហើយលោកក៏​បានច្រើនចោលរាល់​ការចោទប្រកាន់​ ដូចទៅនឹងភរិយាដែរ៕