(ហាណូយ)៖ បន្ទាប់ពីការទទួលមរណភាពរបស់លោក ត្រាន តៃហ្គ័ង (Tran Dai Quang) នៅទីបំផុតអគ្គលេខាធិការបក្សកុម្មុយ​និស្តវៀតណាម លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ត្រូវបានគណកម្មាធិការមជ្ឈិមបក្សនេះ បោះឆ្នោតគាំទ្រឲ្យក្លាយជា​បេក្ខភាពមួយរូប ដើម្បី​កាន់​តំណែង​​ជា​ប្រធានាធិបតីថ្មី របស់ប្រទេសអាស៊ាន​​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​​ដោយ​សារព័ត៌មាន VN Express នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។

បច្ចុប្បន្ន​អនុប្រធានាធិបតីវៀតណាម លោកស្រី ដាង ធី ង៉ុក ទិញ (Dang Thi Ngoc Thinh) កំពុងកាន់តំណែង​ជាប្រធានាធិបតីស្ដីទី​វៀតណាម បន្ទាប់អតីត​ប្រធានាធិបតី លោក Tran Dai Quang ទទួលមរណភាព​កាលពី​ថ្ងៃទី២១ ខែកញ្ញា ដោយសារជំងឺធ្ងន់ធ្ងរ។ មួយវិញទៀត​នេះគឺជាលើកដំបូងបំផុត​ ដែលអគ្គលេខាធិបក្សកុម្មុយនិស្ដ​វៀតណាមមួយរូប ត្រូវបានគណកម្មាធិការ​មជ្ឈិមបក្ស​ ជ្រើសរើសជា​បេក្ខភាព​ប្រធានាធិបតីថ្មី ដែល​នឹងត្រូវបោះឆ្នោតគំាទ្រដោយសភាជាតិ នៅក្នុងសម័យ​ប្រជុំនៅចន្លោះថ្ងៃទី២១ និងថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះ ខណៈគ្មានបេក្ខភាពផ្សេងទៀតត្រូវបានជ្រើសរើសឡើយ។

គួរបញ្ជាក់ថា លោក Nguyen Phu Trong កើតនៅឆ្នាំ១៩៤៤ ក្នុងទីក្រុង​ហាណូយ ហើយលោក​ត្រូវបានតែងតាំងជា​អគ្គលេខាធិ​ការបក្សទីក្រុងហាណូយ ពីចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០០៦ មុននឹងឡើងកាន់តំណែង​ជាអគ្គលេខាបក្សកុម្មុយនិស្ដ​វៀតណាម ក្នុងឆ្នាំ២០១១ និងទើបជាប់ឆ្នោត​ជាថ្មីកាលពីឆ្នាំ២០១៦៕