(ជប៉ុន)៖ យានរុករកខ្នាតតូចមួយគ្រឿងរបស់អឺរ៉ុប បានធ្វើការចុះចតដោយជោគជ័យនៅលើអាចម៍ផ្កាយ Ryugu ផងដែរ ដែលបច្ចុប្បន្ននេះប្រទេសជប៉ុន កំពុងតែដឹកនាំការសិក្សាស្រាវជ្រាវ និងទទួលបានការចាប់អារម្មណ៍ខ្ពស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
នាឱកាសនោះយានរុករកមួយមានឈ្មោះថា MASCOT ដែលបានចុះចតនៅលើ Ryugu ក្រោយពីត្រូវទម្លាក់ចេញពីយានអវកាសជប៉ុន Hayabusa-2 ពីកម្ពស់ ៥១ម៉ែត្រ ក៏បានបញ្ជូនរូបភាពដំបូងពី Ryugu មកផែនដីផងដែរ។ MASCOT បានចំណាយពេល ២០នាទី ទើបចុះទៅដល់លើផ្ទៃរបស់អាចម៍ផ្កាយ Ryugu ដែលបច្ចុប្បន្នកំពុងស្ថិតនៅចម្ងាយ ៣០០លានគីឡូម៉ែត្រពីផែនដី។
គួរជម្រាបថា MASCOT ពុំមែនជាយានទីមួយ ដែលកំពុងស្ថិតនៅលើអាចម៍ផ្កាយ Ryugu ឡើយ ដោយកាលពីចុងខែកញ្ញាកន្លងទៅ យានអវកាសជប៉ុន Hayabusa-2 បានបញ្ជូនយានខ្នាតតូចពីគ្រឿងឈ្មោះថា MINERVA-II1A និង MINERVA-II1B ទៅលើអាចម៍ផ្កាយនោះដោយជោគជ័យ។ ក្រៅពីយានទាំងនេះ Hayabusa-2 គ្រោងនឹងបញ្ជូនយាន MINERVA និងឧបករណ៍មួយទៀតនាឆ្នាំក្រោយ។
យាន Hayabusa-2 ដែលមានតម្លៃ ១៥០លានដុល្លារនេះ ក៏នឹងត្រូវប្រមូលយកគំរូតាងរបស់អាចម៍ផ្កាយ Ryugu ហើយនាំយកពួកវាត្រឡប់មកកាន់ផែនដីវិញនៅខែធ្នូ ឆ្នាំ២០២០ ផងដែរ ក្រោយពីយានអវកាសនេះត្រូវបានទីភ្នាក់ងារអវកាសជប៉ុន បញ្ជូនឡើងទីអវកាសកាលពីឆ្នាំ២០១៤ និងបានទៅដល់អាចម៍ផ្កាយប្រវែងជិតមួយគីឡូម៉ែត្រនេះជាផ្លូវការកាលពីប៉ុន្មានខែមុន។
នាចុងឆ្នាំនេះដែរថា យានអវកាសអាមេរិក OSIRIS-Rex នឹងធ្វើដំណើរដល់អាចម៍ផ្កាយមួយឈ្មោះថា Bennu សម្រាប់អង្គការ NASA។ OSIRIS-Rex ត្រូវគេរំពឹងថា នឹងទៅដល់ Bennu នៅថ្ងៃទី៣១ ខែធ្នូ ហើយប្រមូលគំរូតាងដើម្បីនាំយកមកកាន់ផែនដី នៅឆ្នាំ២០២៣៕