(តែលអាវីវ)៖ វិទ្យុយោធាអ៉ីស្រាអែល ហ្គាឡៃ ត្សាហល (Galei Tzahal) បានរាយការណ៍ថា កងទ័ពអាកាសអ៊ីស្រាអែលនឹងបង្កើនការប្រើប្រាស់ យន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 នៅក្នុងប្រតិបត្តិការវាយឆ្មក់តាមផ្លូវអាកាស ប្រឆាំងនឹងកងជីវពលគំាទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី បើទោះជាប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-300 បានបញ្ជូនទៅដល់ដៃកងទ័ពអាកាសស៊ីរីក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងកម្មវិធីផ្សាយរបស់ខ្លួននៅថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្មានម៉ោងក្រោយ S-300 ត្រូវបានបញ្ជូនទៅដល់ទឹកដីស៊ីរី វិទ្យុយោធាអ៉ីស្រាអែល Galei Tzahal បាននិយាយថា ប្រព័ន្ធមីស៊ីលនេះនឹងបង្កភាពស្មុគស្មាញ ដល់បេសកកម្មរបស់យន្ដហោះចម្បាំង
អ៉ីស្រាអែល F-15s និង F-16s នៅក្នុងប្រទេសស៊ីរី។ ដូច្នេះដើម្បីការពារការគំរាមកំហែងដល់ពីឡុតរបស់យើង កងទ័ពអាកាសអ៊ីស្រាអែល នឹងបង្កើនការប្រើប្រាស់យន្ដហោះចម្បាំង F-35 ជំនួសវិញ។
គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ៉ីស្រាអែលបានបញ្ជាទិញយន្ដចម្បំាងថ្លៃជាងគេនៅលើពិភពលោក F-35 ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ៥០គ្រឿង ដែលក្នុងមួយគ្រឿងមានតម្លៃ ១២៥លានដលា្លរ ហើយក្នុងនោះមាន ០៨គ្រឿងបានបញ្ជូនដល់អ៉ីស្រាអែល ខណៈសល់ ៣០គ្រឿង បន្ថែមទៀតនឹងត្រូវប្រគល់នៅឆ្នាំ២០២១៕