(ឡាអេ)៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញសេចក្ដីបង្គាប់មួយឱ្យសហរដ្ឋអាមេរិក បន្ធូរបន្ថយការដាក់ទណ្ឌកម្មប្រឆាំងនឹង អ៊ីរ៉ង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីបង្គាប់របស់ខ្លួនចេញផ្សាយនៅថ្ងៃពុធនេះ ICJ បាននិយាយថាការនាំចេញផលិតផលពាក់ព័ន្ធនឹងកិច្ចការមនុស្សធម៌ ដូចជាម្ហូបអាហារ និងថ្នាំពេទ្យជាដើម គួរតែត្រូវបានអនុញ្ញាត។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិកបានអះអាងថាតុលាការអន្តរជាតិមួយនេះ គ្មានយុត្ថាធិការលើសំណុំរឿងនេះឡើយ។ ម្យ៉ាងវិញទៀត សេចក្ដីសម្រេចខាងលើរបស់តុលាការយុត្តិធម៌អន្តរជាតិ មានមូលដ្ឋានក្នុង ទីក្រុងឡាអេ ប្រទេសហូឡង់ ក៏មិនមានអំណាចអ្វីចាប់បង្ខំឱ្យសហរដ្ឋអាមេរិកអនុវត្តតាមនោះដែរ។
គួរបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ ICJ គឺជាស្ថាប័នយុត្តិធម៌មួយរបស់អង្គការសហប្រជាជាតិ ដែលមានតួនាទីផ្សះផ្សាជម្លោះ រវាងរដ្ឋជាសមាជិក។ ប៉ុន្តែ ទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនដែលខ្វល់ពីការសម្រេចចិត្តរបស់តុលាការមួយនេះឡើយកាលពី អតីតកាល៕