(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក​ វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះ បាននិយាយថាទីក្រុងម៉ូស្គូចង់ឱ្យកងកម្លាំងបរទេសទាំងអស់ ដកចេញពីប្រទេសស៉ីរី ក្នុងនោះរួមមានទាំងយោធារុស្ស៊ីផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។

ប៉ុន្តែ ការលើកឡើងខាងលើរបស់លោក ពូទីន ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-300 ត្រូវបានបញ្ជូនទៅដល់ទឹកដីប្រទេសស៉ីរី ហើយបើតាម​រដ្ឋមន្រ្តី​ការ​ពារជាតិរុស្ស៉ី លោក Sergei Shoigu វានឹងជួយធានាសុវត្ថិភាពដល់កងទ័ពរុស្ស៉ី ដែលឈរជើងនៅទីនោះ។

បន្ថែមពីលើនេះ ក្រៅតែពីស្នើឱ្យកងទ័ពបរទេសដកចេញពីស៉ីរី លោកប្រធានាធិបតីរុស្ស៊ី បានឆ្លៀតចោទប្រកាន់ថាវត្តមានកងទ័ព អាមេរិក នៅក្នុងប្រទេសស៉ីរី គឺរំលោភបំពានលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដ្បិតរដ្ឋាភិបាលស៉ីរី មិនបានអនុញ្ញាតឱ្យ សហរដ្ឋអាមេរិកដាក់ពង្រាយកងទ័ព នៅក្នុងប្រទេសខ្លួនឡើយ៕