(កាណាដា)៖ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី បានក្លាយជាមនុស្សដំបូងគេបំផុត ដែលត្រូវបានគេលុបចោលសញ្ជាតិ កតិ្តយសជាពលរដ្ឋកាណាដា នៅថ្ងៃអង្គារសប្ដាហ៍នេះ សម្រាប់ភាពអសកម្មរបស់លោកស្រីក្នុងការទប់ស្កាត់អំពើហិង្សាប្រឆាំងនឹង ជនជាតិដើមភាគតិច រ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
ការដកសញ្ជាតិកិតិ្តយសជាពលរដ្ឋកាណាដាជាផ្លូវការពីលោកស្រី អោងសាន ស៊ូជី ធ្វើឡើងបន្ទាប់ព្រឹទ្ធសភាកាណាដា បានបោះឆ្នោតគាំទ្រលើការអនុម័តគាំទ្រលើការដកការផ្ដល់កិត្តិយស ពីសំណាក់សភាជាន់ទាបកាណាដាកាលពីសប្ដាហ៍មុន។ សភាកាណាដា បានផ្ដល់សញ្ជាតិកិត្តិយសឱ្យលោកស្រីស៊ូជី កាលពីឆ្នាំ២០០៧។ ប៉ុន្តែលោកស្រីស៊ូជី បានធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង ក្រោយជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះ បដិសេធក្នុងការអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ការព្រឹត្តអំពើហិង្សា ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine។
គួរជម្រាបថា អំពើហិង្សានៅក្នុងរដ្ឋ Rakhine កាលពីឆ្នាំ២០១៧ បានបង្ខំឱ្យមនុស្សច្រើនជាង ៧០០,០០០នាក់រត់ភៀសខ្លួន ទៅកាន់ព្រំដែននៃប្រទេសបង់ក្លាដែស រីឯមនុស្សរាប់ពាន់នាក់ត្រូវបានគេជឿជាក់ត្រូវបានសម្លាប់ក្រៅប្រព័ន្ធច្បាប់។ លើសពីនេះ ទៅទៀតក្រុមអ្នកស៊ើបអង្កេត UN បានចោទយោធាមីយ៉ាន់ម៉ាថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងរ៉ូហ៊ីងយ៉ា ហើយសូម្បីតែតំណាងរាស្ត្រកាណាដា ក៏បានចាត់ទុកថា អំពើហិង្សានេះគឺជាបទប្រល័យពូជសាសន៍ផងដែរ បើទោះជាយោធា និងរដ្ឋាភិបាលមីយ៉ាន់ម៉ាទាត់ចោលការប្រកាន់ទាំងនេះក៏ដោយ៕