(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើអត្ថាធិប្បាយគួរឲ្យភ្ញាក់ផ្អើលមួយទាក់ទិននឹងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួនគឺ អារ៉ាប៊ីសាអូឌីត ដោយបានអះអាងថា រូបលោកធ្លាប់ព្រមានព្រះចៅ Salman ថា ទ្រង់ប្រហែលជាមិនអាចនៅអង្គុយរើរាជបល្ល័ង្កបានពីរសប្តាហ៍ផង ប្រសិនបើគ្មានយោធាអាមេរិកនៅពីក្រោយខ្នងពីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខក្រុមអ្នកគាំទ្រក្នុងទីក្រុង សោតអេវិន (Southaven) នៃរដ្ឋ មីស៊ីស៊ីភពី (Mississippi) លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «យើងគឺជាអ្នកការពារអារ៉ាប៊ីសាអូឌីត។ ខ្ញុំធ្លាប់ប្រាប់ព្រះចៅ Salman ថាយើងកំពុងការពារទ្រង់ ប៉ុន្តែទ្រង់ប្រហែលមិនអាចគង់នៅដឹកនាំប្រទេសបែបនេះ បានពីរសប្តាហ៍នោះឡើយ ប្រសិនបើពុំមានពួកយើងទេនោះ ដូច្នេះហើយទ្រង់ត្រូវតែចំណាយលុយបន្ថែមលើវិស័យយោធា។ យ៉ាងណាមិញ លោក ត្រាំ ពុំបានបញ្ជាក់ថា លោកបាននិយាយយ៉ាងដូច្នោះ កាលពីពេលណាទៅកាន់ព្រះចៅអារ៉ាប៊ីសាអូឌីតនោះ។
គួរជម្រាបថា បន្ទាប់ពីឡើងកាន់អំណាច លោក ត្រាំ បានជ្រើសរើសយកអារ៉ាប៊ីសាអូឌីត ជាគោលដៅទីមួយ នៅក្នុងដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកទីមួយរបស់លោក ក្នុងនាមជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំទៅហើយទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលលោក ត្រាំ និងព្រះរាជាណាចក្រប្រេងនៅមជ្ឈិមបូព៌ានេះ ត្រូវគេមើលឃើញថា គឺជារនាំងការពារដ៏រឹងមាំប្រឆាំងនឹងមហិច្ឆតារបស់អ៉ីរ៉ង់នៅក្នុងតំបន់៕