(ហ្សាការតា)៖ ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) នៅថ្ងៃពុធនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដ៏មហាប្រល័យបានកើនដល់ ១,៤០៧នាក់ហើយ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
កាលពីថ្ងៃអង្គារតួលេខអ្នកស្លាប់ត្រូវបានគេអះអាងថា មានចំនួន ៨៤៤នាក់ ហើយមកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ីនៅតែបន្តប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះរបស់ពួកគេ ស្របពេលការផ្ដល់ជំនួយសង្រ្គោះបន្ទាន់ បានបញ្ជូនជាបណ្ដើរទៅកាន់តំបន់រងគ្រោះ ជាទីដែលអ្នកនៅរស់រានមានជីវិតកំពុងគ្មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ បន្ថែមពីលើនេះ ភាពតានតឹងក៏បានផ្ទុះឡើងផងដែរ ដោយប៉ូលិសបានបង្កើនការយាមកាមនៅតាមហាងទំនិញ ជាច្រើនដើម្បីទប់ស្កាត់អំពើលួច ឬប្លន់។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារលើកោះស៊ូឡាវ៉េស៊ី (Sulawesi) កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយបង្កឱ្យទៅជារលកយក្សស៊ូណាមិ វាយប្រហារយ៉ាងធ្ងន់ធ្ងរលើទីក្រុងប៉ាលូ (Palu)។ ដោយឡែកអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសផ្ដល់ជំនួយ ១៥លានដុល្លារអាមេរិកសម្រាប់ជួយដល់ប្រជាជនរងគ្រោះ ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារលើកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៕