(បាកដាដ)៖ លោក បាហាម សាលី (Barham Salih) ត្រូវបានសមាជិកសភាអ៉ីរ៉ាក់ សម្រេចបោះឆ្នោតជ្រើសរើសឲ្យឡើងជាប្រធានាធិបតីថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
លោក Salih ទទួលបានសំឡេងគាំទ្រចំនួន ២១៩សំឡេង ពីសំណាក់សមាជិកសភាសរុប២៧២នាក់ ដែលបានធ្វើការបោះឆ្នោតនៅក្នុងជុំទីពីរ ដោយយកឈ្នះលើគូប្រជែងរបស់លោក គឺលោក ហ្វាដ ហ៊ូស្សេន (Fuad Hussein) ដែលទទួលបានការគាំទ្រត្រឹម ២២សំឡេងប៉ុណ្ណោះ។
ដោយឡែកកាលពីការបោះឆ្នោតជុំទីមួយវិញ បេក្ខភាពប្រហែល ២០នាក់ ដែលចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធិបតីអ៉ីរ៉ាក់ បានទទួលបរាជ័យ ដោយសារសុទ្ធតែពុំអាចរកសំឡេងចាំបាច់ ពីរភាគបីនៃសមាជិកសភាទាំងអស់ ៣២៩នាក់បាន ប៉ុន្តែលោក Salih ទទួលបានសំឡេងឆ្នោត ១៦៥សំឡេងច្រើនជាងគេ ខណៈលោក Hussein ឈរនៅលេខពីរជាមួយសំឡេងគាំទ្រ ៨៩សំឡេង ពីសំណាក់សមាជិកសភាប្រមាណ ៣០០នាក់ ដែលបានធ្វើការបោះឆ្នោតនៅជុំទីពីរ។
គួរជម្រាបថា យោងតាមរដ្ឋធម្មនុញ្ញអ៉ីរ៉ាក់ បេក្ខភាពដែលអាចក្លាយជាប្រធានាធិបតីជាប់ឆ្នោត ត្រូវតែទទួលបានសំឡេងពីរភាគបី ក្នុងចំណោមសមាជិកសភាចំនួន ៣២៩រូប បើពុំមានការគាំទ្រដល់សំឡេងពីរភាគបីទេនោះ បេក្ខភាពពីររូបដែលមានសំឡេងគាំទ្រច្រើនជាងគេបំផុត ត្រូវប្រកួតប្រជែងជាមួយគ្នានៅជុំទីពីរ ហើយចុងក្រោយបេក្ខភាពណាទទួលបានសំឡេងភាគច្រើន នឹងត្រូវប្រកាសឡើងជាប្រធានាធិបតីនៃប្រទេសអ៉ីរ៉ាក់៕