(ញូយ៉ក)៖ អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសផ្ដល់ជំនួយ ១៥លានដុល្លារអាមេរិកសម្រាប់ជួយដល់ប្រជាជនរងគ្រោះ ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារលើកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៨។
ជំនួយជាថវិកាទាំងនេះបានមកពីមូលនិធិ នៃមជ្ឈមណ្ឌលសង្រ្គោះបន្ទាន់ នឹងជួយដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការផ្ដល់ជំនួយដល់ប្រជាជនឥណ្ឌូណេស៊ីរាប់ម៉ឺននាក់ ដែលកំពុងត្រូវការជំនួយជាបន្ទាន់។ បន្ថែមពីលើនេះមូលនិធិទាំងនេះទៀតសោត ក៏នឹងគំាទ្ររដ្ឋាភិបាលទីក្រុងហ្សាការតាផងដែរ ក្នុងការចំណាយលើជំរកស្នាក់នៅបណ្ដោះអាសន្ន ទឹកស្អាត សេវាកម្មថែទាំសុខភាព និងសេវាកម្មការពារជាច្រើនទៀត។
គួរបញ្ជាក់ថា បើតាមតួលេខផ្លូវការគិតត្រឹមថ្ងៃអង្គារម្សិលមិញ មនុស្ស ១,២៣៤នាក់ បានស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារលើទីក្រុង ផាលូ (Palu) នៃកោះ Sulawesi កាលពីថ្ងៃសុក្រសប្ដាហ៍មុន៕