(ម៉ូស្គូ)៖ មន្រ្តីជាន់ខ្ពស់មួយរូបនៅវិមានក្រឹមឡាំងបានបង្ហើបឲ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រគល់ប្រព័ន្ធខែលការពារមីស៉ីល S-400 ទៅឲ្យរដ្ឋាភិបាលទីក្រុងញូដេលី នឹងត្រូវធ្វើឡើងនាអំឡុងដំណើរបំពេញទស្សនកិច្ច នៃប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន ទៅកាន់ប្រទេសឥណ្ឌានាសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
ទីប្រឹក្សាគោលនយោបាយការបរទេសរបស់ លោក ពូទីន លោក យូរី សូហ្សាកូវ (Yury Ushakov) បាននិយាយថា លោក ពូទីន នឹងត្រូវចេញដំណើរទៅកាន់ប្រទេសឥណ្ឌា នាថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយចំណុចសំខាន់នៃការបំពេញទស្សនកិច្ចលើកនេះ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ប្រព័ន្ធសព្វាវុធ S-400 ដែលមានតម្លៃជាង៥ពាន់លានដុល្លារ។
គួរជម្រាបថា ទីក្រុងម៉ូស្គូបានស្ថិតក្រោមការចរចាជាមួយទីក្រុងញូដេលី ដើម្បីលក់ប្រព័ន្ធខែលការពារដែនអាកាស S-400 អស់រយៈពេលជាច្រើនខែមកហើយ ហើយគម្រោងនេះបានធ្វើឲ្យទីក្រុងវ៉ាស៉ីនតោន ដែលជាដៃគូនៃវិស័យការពារជាតិរបស់ឥណ្ឌា នៅមិនសុខជាខ្លាំង រហូតមានដល់ការគំរាមដាក់ទណ្ឌកម្មថែមទៀត។ ជុំវិញបញ្ហានេះ ឥណ្ឌាបានឲ្យតំរុយថា ខ្លួននឹងស្នើឲ្យមានការលើកលែងទណ្ឌកម្មពីវ៉ាស៉ីនតោន ប៉ុន្តែមិនដឹងថានឹងបានសម្រេចដែរ ឬក៏អត់នោះឡើយ៕