(អាមេរិក)៖ នាខែក្រោយអាចម៍ផ្កាយមានរូបរាងយ៉ាងចម្លែកមួយ ប្រៀបដូចជាក្បាលខ្មោច នឹងត្រូវបានហោះឆ្លងកាត់ភពផែនដី ក្នុងគម្លាតមួយយ៉ាងកៀកមិនធ្លាប់មាន ប៉ុន្តែនឹងមិនបង្កការភ័យខ្លាចអ្វីមួយនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
អាចម៍ផ្កាយខាងលើមានឈ្មោះផ្លូវការថា 2015 TB145 ត្រូវបានគេប្រទះឃើញកាលពីឆ្នាំ២០១៥ នៅពេលវាបានហោះមកកាត់ភពរបស់យើង នៅចម្ងាយត្រឹម ៤៨៦,០០០គីឡូម៉ែត្រប៉ុណ្ណោះ ខណៈការធ្វើដំណើរមកកៀកជាថ្មីម្តងទៀតរបស់វា នាខែវិច្ឆិកាខាងមុខនេះ នឹងមិនមានរយៈចម្ងាយជិតដូចឆ្នាំ២០១៥ ឡើយ ដោយវានឹងហោះកាត់ផែនដីនៅចម្ងាយ៣៨លានគីឡូម៉ែត្រឯណោះ គឺស្មើនឹងមួយភាគបួននៃចម្ងាយរវាងផែនដី និងព្រះអាទិត្យ។
គួរជម្រាបថា អ្នកវិទ្យាសាស្រ្តបានឆ្លៀតឱកាសថតយករូបភាពមួយចំនួន នៃអាចម៍ផ្កាយ 2015 TB145 នៅពេលវាបានធ្វើដំណើរឆ្លងកាត់ផែនដីយើងជាលើកដំបូងកាលពីឆ្នាំ២០១៥ ហើយបើយោងតាមរូបភាពទាំងនោះ ដុំថ្មអវកាសរាងមូលនេះ ហាក់ដូចមានប្រហោងភ្នែក និងប្រហោងច្រមុះ ប្រៀបដូចឆ្អឹកក្បាលខ្មោចអ៊ីចឹងដែរ ដោយយ៉ាងហោចណាស់បើយើងមើលពីជ្រុងមួយចំនួន ដើម្បីលេចចេញជាទិដ្ឋភាពដូចការរៀបរាប់។
បើតាមការសិក្សាពីឆ្នាំ២០១៧ អាចម៍ផ្កាយ 2015 TB145 មានមុខកាត់ប្រហែល ៦២៥ម៉ែត្រ ហើយបន្ទាប់ពីខែក្រោយ វានឹងមិនហោះកាន់ផែនដីទៀតឡើយ រហូតទាល់តែដល់ឆ្នាំ២០៨២ ឯណោះ។ សម្រាប់គម្លាតជិត ៥សែនគីឡូម៉ែត្រនេះ គឺឆ្ងាយជាងគម្លាតរវាងផែនដីនិងព្រះច័ន្ទរហូតដល់ជាង ១សែនគីឡូម៉ែត្រ ប៉ុន្តែវាអាចចាត់ទុកថាជិត ព្រោះបើសិនជាអ្នកមានតេឡេស្កូប ឬកែវយឺតល្មមៗ គឺអាចអង្កេតឃើញវាបាននៅថ្ងៃនោះ៕
គួររំលឹកទៀតថា គម្លាតខាងលើនេះមិនត្រូវបានចាត់ទុកថា កៀកផែនដីខ្លាំងបំផុតនោះឡើយ បើយើងប្រៀបធៀបទៅនឹងអាចម៍ផ្កាយ Ryugu ដែលមានប្រវែងខ្លួនជាង ៨០០ម៉ែត្រ ដែលនឹងហោះមកកៀកផែនដីនៅក្នុងឆ្នាំ២០២៩ នៅក្នុងគម្លាតតែជាង ៣០,០០០គីឡូម៉ែត្រនោះ។ Ryugu ទើបជាក្តីព្រួយបារម្ភពិតប្រាកដសម្រាប់មនុស្សលើផែនដី ហើយប្រទេសជប៉ុនក៏មានយានមួយចំនួន កំពុងធ្វើការសិក្សាពីវាផងដែរ៕