(វ៉ាស៊ីនតោន)៖ ការិយាល័យពន្ធដារនៃរដ្ឋ New York នឹងបើកការស៊ើបអង្កេតមួយ លើការចោទប្រកាន់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលប្រាក់រាប់រយលានដុល្លារពីឪពុករបស់លោក គឺលោក ហ្វ្រេដ ត្រាំ (Fred Trump) តាមរយៈការក្លែងបន្លំពន្ធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
សារព័ត៌មាន ABC News ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីមន្ត្រីការិយាល័យពន្ធដារនៃរដ្ឋ New York។ មន្ត្រីដដែលនេះបានប្រាប់សារព័ត៌មានអាមេរិកមួយយ៉ាងខ្លីដូច្នេះថា «ការិយាល័យពន្ធដារនឹងខិតខំប្រឹងប្រែងអស់ ពីសមត្ថភាពក្នុងការស៊ើបអង្កេត»។
គួរជម្រាបថា សេចក្ដីរាយការណ៍ពីការស៊ើបអង្កេតខាងលើ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានអាមេរិក New York Times បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយរបស់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយចោទប្រកាន់ថា លោក ដូណាល់ ត្រាំ បានជួយលាក់បាំង ប្រាក់ជាង ៤១៣លានដុល្លារ ដែលទទួលបានពីឪពុក របស់លោកតាមរយៈការប្រើប្រាស់វាជាសាជីវកម្មក្លែងក្លាយ ដើម្បីបិទបាំងប្រាក់ទាំងនេះពីការបង់ពន្ធ។
តែទោះជាយ៉ាងនេះក្ដី នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានហៅរបាយការណ៍របស់ New York Times គឺជារឿងមិនពិត និងមានចេតនាវាយប្រហារលើគ្រួសាររបស់លោក ដូណាល់ ត្រាំ តែប៉ុណ្ណោះ។
ក៏ប៉ុន្តែបើគេចាំមិនភ្លេចទេអាជ្ញាធរពន្ធគយអាមេរិក ក៏ធ្លាប់បើកការស៊ើបអង្កេតផងដែរ លើមូលនិធិមនុស្សធម៌របស់លោក ដូណាល់ ត្រាំ ដែលត្រូវបានគេចោទថា រំលោភលើច្បាប់អង្គការមនុស្សធម៌៕